ស្វែងយល់អំពីព្រឹត្តិការណ៍ វគ្គបណ្តុះបណ្តាល វេទិកា និងសកម្មភាពចែករំលែកចំណេះដឹង ដែលគាំទ្រដល់ដំណើរបរិវត្តកម្មឌីជីថលរបស់កម្ពុជា។ ផ្នែកនេះជាកន្លែង ដើម្បីទទួលបានព័ត៌មានអំពីគំនិតផ្តួចផ្តើមសំខាន់ៗ ភ្ជាប់ទំនាក់ទំនងជាមួយអ្នកជំនាញក្នុងវិស័យ និងចូលរួមក្នុងឱកាសដែលជំរុញកិច្ចសហការ នវានុវត្តន៍ និងការកសាងសមត្ថភាពក្នុងយុគសម័យឌីជីថល។

ព្រឹត្តិការណ៍អម “ហ្រ្វង់កូតិច-FrancoTech” ឆ្នាំ២០២៦ នឹងប្រមូលផ្ដុំដោយគណៈប្រតិភូជាន់ខ្ពស់រដ្ឋាភិបាលថ្នាក់ដឹកនាំ អ្នកជំនាញ ក្រុមហ៊ុនបច្ចេកវិទ្យា វិនិយោគិន និងធុរកិច្ចថ្មីមកពីបណ្តាប្រទេសនិយាយភាសាបារាំង ដើម្បីចែករំលែកចំណេះដឹង បទពិសោធ បច្ចេកវិទ្យាថ្មីៗ និងឧត្តមានុវត្តន៍ ព្រមទាំងពង្រឹងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច បច្ចេកវិទ្យា និងវិនិយោគ ព្រមទាំងតភ្ជាប់សហគមន៍ហ្វ្រង់កូហ្វូនីនិងអាស៊ាន។ ព្រឹត្តិការណ៍នេះមានកម្មវិធីសំខាន់ៗ ដូចជា៖ ១.ពិព័រណ៍បច្ចេកវិទ្យា និងនវានុវត្តន៍ ២.ការប្រកួតប្រជែងនវានុវត្តន៍ឌីជីថល ៣.វេទិកាវិនិយោគ ៤.ការផ្គូផ្គងធុរកិច្ច និង ៥.វេទិកាពិភាក្សា ដែលផ្តោតលើប្រធានបទស្នូលចំនួន ៧ រួមមាន៖ ឱកាសនិងអភិបាលកិច្ចបញ្ញាសិប្បនិម្មិត (AI), រដ្ឋាភិបាលឌីជីថល, បច្ចេកវិទ្យាហិរញ្ញវត្ថុនិងបរិយាបន្នហិរញ្ញវត្ថុ, បច្ចេកវិទ្យាកសិកម្មនិងសន្តិសុខស្បៀង, ធុរកិច្ចថ្មីឌីជីថលនិងនវានុវត្តន៍, ស្ត្រីនៅក្នុងនវានុវត្តន៍, និងបច្ចេកវិទ្យាសម្រាប់ទេសចរណ៍និងវប្បធម៌។

វគ្គបណ្តុះបណ្តាលស្តីពី “មូលដ្ឋាននៃការចាប់យកឌីជីថលសម្រាប់សេដ្ឋកិច្ចក្រៅប្រព័ន្ធ” គឺជាវគ្គបណ្តុះបណ្តាលដែលមានរយៈពេល ១២ខែ និង មានសិក្ខាកាមចំនួន ២៤០០ នាក់ចូលរួម។ វគ្គបណ្តុះបណ្តាលនេះធ្វើឡើងក្នុងគោលបំណងបង្កើនភាពធន់ និង ពង្រឹងសមត្ថភាពអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ តាមរយៈបណ្តុះចំណេះដឹងមូលដ្ឋាន និង ជំនាញឌីជីថលសំខាន់ផ្សេងៗក្នុងសម័យឌីជីថល។