ថ្នាក់ដឹកនាំរបស់អគ្គលេខាធិការដ្ឋាន គ.ស.ធ.ឌ.

  • ទំព័រដើម
  • ថ្នាក់ដឹកនាំរបស់អគ្គលេខាធិការដ្ឋាន គ.ស.ធ.ឌ.
image

ឯកឧត្តមបណ្ឌិត គង់ ម៉ារី

អនុរដ្ឋលេខាធិការនៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និង​ជា​អគ្គលេខាធិការ​នៃ​អគ្គលេខាធិការដ្ឋាន​​គណៈកម្មាធិការ​សេដ្ឋកិច្ច និងធុរកិច្ចឌីជីថល
  • ជីវប្រវត្តិសង្ខេប

    ឯកឧត្តមបណ្ឌិត គង់ ម៉ារី មានមុខតំណែងជាអនុរដ្ឋលេខាធិការនៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ, ជាទីប្រឹក្សាផ្ទាល់ ​ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិង​ហិរញ្ញវត្ថុ, ជាអគ្គលេខាធិការនៃអគ្គលេខាធិការដ្ឋានគណៈកម្មាធិការសេដ្ឋកិច្ច និងធុរកិច្ចឌីជីថល, ​ជាអគ្គលេខាធិការរងនៃឧត្តមក្រុមប្រឹក្សាសេដ្ឋកិច្ចជាតិ, និង​ ជា​អគ្គលេខាធិការរង​នៃ​អគ្គលេខាធិការដ្ឋាន​ក្រុមប្រឹក្សា​ជាតិសេដ្ឋកិច្ច​ និង​សង្គមឌីជីថល។ ឯកឧត្តមបណ្ឌិត មានជំនាញឯកទេសផ្នែកបច្ចេកវិទ្យាព័ត៌មាន និងគមនាគមន៍, នវានុវត្តន៍,​ ការធ្វើបរិវត្តកម្មឌីជីថល, ការអភិវឌ្ឍគោលនយោបាយសេដ្ឋកិច្ចឌីជីថល, បច្ចេកវិទ្យាហិរញ្ញវត្ថុ និងធុរកិច្ច ។ នៅក្នុងក្របខណ្ឌ​ក្រសួង​សេដ្ឋកិច្ច និងហិរញ្ញវត្ថុ, ឯកឧត្តម មានតួនាទីជំរុញការធ្វើកំណែទម្រង់ តាមរយៈការប្រើប្រាស់បច្ចេកវិទ្យាឌីជីថល និងថ្នាលឌីជីថល, ការកសាងធុរកិច្ចថ្មី និងសហគ្រិនភាពឌីជីថល, ការជំរុញសហគ្រាសធុនតូច និងមធ្យម​ឆ្ពោះទៅ​រកការចាប់យកឌីជីថល រួមជាមួយការលើកកម្ពស់នវានុវត្តន៍ក្នុងបច្ចេកវិទ្យាហិរញ្ញវត្ថុ។ ជាមួយគ្នានេះដែរ ឯកឧត្តម​បណ្ឌិត ក៏មានមុខតំណែងជាប្រធាននៃក្រុមប្រឹក្សាភិបាលនៃមជ្ឈមណ្ឌលបណ្ដុះធុរកិច្ចថ្មី “តេជោ”, ជាសមាជិកក្រុមប្រឹក្សាបរធនបាលនៃមូលនិធិអភិវឌ្ឍន៍សហគ្រិនភាព, សមាជិកក្រុមប្រឹក្សាភិបាលនៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ, សមាជិកក្រុមប្រឹក្សាភិបាលនៃមូលនិធិនៃការកសាងសមត្ថភាព និងការស្រាវជ្រាវ និងការអភិវឌ្ឍ (CBRD fund) និងជាមន្ត្រីត្រួតពិនិត្យរដ្ឋនៃធនាគារ សហគ្រាសធុនតូច និងមធ្យមកម្ពុជាផងដែរ។ បច្ចុប្បន្ន, ឯកឧត្តមបណ្ឌិត គង់ ម៉ារី ក៏បាននិងកំពុងដឹកនាំក្រុមការងារមួយចំនួនទៀត​ ក្នុងក្របខណ្ឌក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងអន្តរក្រសួង ដែលក្នុងនោះមានដូចជា៖ ជាប្រធានក្រុមការងារបច្ចេកទេសនៃក្រុមប្រឹក្សាបច្ចេកវិទ្យាព័ត៌មាននៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ, ប្រធានក្រុមការងារសារពើពន្ធលើពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក, ប្រធានក្រុមការងារ​បច្ចេក​ទេសអន្តរក្រសួងទទួលបន្ទុករៀបចំការចុះបញ្ជីអាជីវកម្មតាមថ្នាលបច្ចេកវិទ្យាព័ត៌មាន, ប្រធានក្រុមការងារអន្តរក្រសួងអនុវត្តប្រព័ន្ធសម្គាល់អត្តសញ្ញាណអតិថិជនឌីជីថល, ប្រធានផ្នែកបច្ចេកវិទ្យាឌីជីថល និងសហគ្រាសសម្រាប់ខ្សែច្រវ៉ាក់តម្លៃជនបទនៃគម្រោងគាំទ្រនិរន្តរភាពហេដ្ឋារចនាសម័ន្ធជនបទ ដើម្បីទីផ្សារកសិករ និងពាណិជ្ជូបនីយកម្មកសិកម្ម, ប្រធានគណៈកម្មការតម្រង់ទិសគម្រោងពន្លឿននវានុវត្តន៍ និងសហគ្រិនភាពបច្ចេកវិទ្យាស្អាតក្នុងធុរកិច្ចថ្មី និងសហគ្រាសធុនតូច និងមធ្យមនៅកម្ពុជា, និងជា​អនុប្រធាន​ប្រចាំ​ការ​ក្រុមការងាររៀបចំសេចក្ដីព្រាងក្របខណ្ឌគោលនយោបាយអភិវឌ្ឍបច្ចេកវិទ្យាកម្ពុជា ។ ឯកឧត្តមបណ្ឌិត បានទទួលសញ្ញាបត្រអនុបណ្ឌិត និងបណ្ឌិត ផ្នែកបច្ចេកវិទ្យាទូរគមនាគមន៍ និងព័ត៌មានវិទ្យាពីសាកលវិទ្យាល័យ  Waseda ប្រទេសជប៉ុន, បរិញ្ញាបត្រគ្រប់គ្រងរដ្ឋបាលធុរកិច្ចពីសាកលវិទ្យាល័យយជាតិគ្រប់គ្រង និងជាសមាជិកបំរុងនៃក្រុមប្រឹក្សាបណ្ឌិតសភាចា្យនៃរាជបណ្ឌិត្យសភាកម្ពុជា។

ឯកឧត្តមបណ្ឌិត ឈៀង វណ្ណមុនិណ្ឌ

អគ្គលេខាធិការរងនៃអគ្គលេខាធិការដ្ឋានគណៈកម្មាធិការសេដ្ឋកិច្ច និងធុរកិច្ចឌីជីថល
  • ជីវប្រវត្តិសង្ខេប

    បច្ចុប្បន្ន ឯកឧត្តមបណ្ឌិត ឈៀង វណ្ណមុនិណ្ឌ ជាអគ្គលេខាធិការរងនៃអគ្គលេខាធិការដ្ឋានគណៈកម្មាធិការសេដ្ឋកិច្ច និងធុរកិច្ចឌីជីថល។ ឯកឧត្តមបណ្ឌិត មានបទពិសោធន៍ការងារជាច្រើនឆ្នាំនៅក្នុងវិស័យបច្ចេកវិទ្យាទំនាក់ទំនង ព័ត៌មាន (ICT)។ ឯកឧត្តមបណ្ឌិត បាន និងកំពុងប្រឹក្សាការងារដល់ធុរកិច្ចថ្មី, សហគ្រាស ធុនតូច និងមធ្យម និងកិច្ចសហប្រតិបត្តិការជាតិ និងអន្តរជាតិ នៅគ្រប់វិស័យក្នុងឧស្សាហកម្ម ICT រួមមានសាកលវិទ្យាល័យ, វិស័យស្រាវជ្រាវ និងអភិវឌ្ឍន៍ (R&D), វិស័យធនាគារ, វិស័យទូរគមនាគមន៍ និងបច្ចេកវិទ្យាហិរញ្ញវត្ថុ។ ឯកឧត្តមបណ្ឌិត មានបទពិសោធន៍ការងារនៅក្នុងវិស័យ ICT ជាច្រើនកន្លែង ដូចជា នៅសាកលវិទ្យាល័យ New South Wales ប្រទេសអូស្រ្តាលី (UNSW), មជ្ឈមណ្ឌលស្រាវជ្រាវ និងឧត្តមភាពរាជរដ្ឋាភិបាលអូស្ត្រាលី Data61, ធនាគារមូលនិធិអន្តរជាតិ Macquarie, ក្រុមហ៊ុនអាជីវកម្មអនឡាញដ៏ធំ Freelancer.com, ក្រុមហ៊ុនបណ្ដាញអ៉ីនធឺណិតជាតិអូស្រ្តាលី NBNCo, ក្រុមហ៊ុន e-Bay, ក្រុមហ៊ុនផ្លាស់ប្តូរទិន្នន័យសុវត្ថិភាព Data Republic និងរាជរដ្ឋាភិបាលកម្ពុជា (RGC)។ ឯកឧត្តមបណ្ឌិត បានបញ្ចប់ថ្នាក់បណ្ឌិត ផ្នែកវិទ្យាសាស្រ្តកុំព្យូទ័រ និងវិស្វកម្ម មកពីសាកលវិទ្យាល័យ ​UNSW ក្នុងឆ្នាំ២០០៨។ ដើម្បីសម្រេចនូវចក្ខុវិស័យឆ្ពោះទៅរកការផ្លាស់ប្ដូរថ្មី ជាមួយនឹងដំណោះស្រាយប្រកបដោយ នវានុវត្ដន៍ភាព ឯកឧត្តមបណ្ឌិត បានប្រើប្រាស់បទពិសោធន៍ផ្ទាល់ខ្លួន ជាមួយនឹងការអនុវត្តន៍ថ្មីៗ ដើម្បីកសាង ធនធានមនុស្សឈានទៅរកការអភិវឌ្ឍន៍បច្ចេកវិទ្យាសម័យទំនើប។ មិនតែប៉ុណ្ណោះ ឯកឧត្តមបណ្ឌិត ក៏បានចូលរួម ក្នុងគម្រោងប្រឹក្សាជាច្រើន រួមមាន គម្រោងផែនការ, ការបង្កើតគំរូ, ការអនុវត្តន៍, ស្វ័យប្រវត្តិកម្ម និងមាត្រដ្ឋានអាជីវកម្ម។  

ឯកឧត្តមបណ្ឌិត តាំង ងួនលី

អគ្គលេខាធិការរងនៃអគ្គលេខាធិការដ្ឋានគណៈកម្មាធិការសេដ្ឋកិច្ច និងធុរកិច្ចឌីជីថល
  • ជីវប្រវត្តិសង្ខេប

    ឯកឧត្តមបណ្ឌិត តាំង ងួនលី បច្ចុប្បន្នមានមុខតំណែងជា អគ្គលេខាធិការរងនៃអគ្គលេខាធិការដ្ឋានគណៈកម្មាធិការ សេដ្ឋកិច្ច និងធុរកិច្ចឌីជីថល និងជាអគ្គនាយក មជ្ឈមណ្ឌលបណ្ដុះធុរកិច្ចថ្មី “តេជោ”  ដែលជាស្ថាប័នរដ្ឋបាលសាធារណៈ ក្រោមការណែនាំររបស់ ក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ។ នៅក្នុងពេល កំពុងបំពេញការងារ ឯកឧត្តមបណ្ឌិត បានជំរុញការបង្កើនធុរកិច្ចថ្មីជាច្រើន ដូចជាតាមរយៈកម្មវិធីជាតិ “Startup Cambodia” ហើយ ឯកឧត្តមបណ្ឌិតបាន និងកំពុងដឹកនាំ ក្រុមបច្ចេកទេសដើម្បី បង្កើតថ្នាលផ្លាស់ប្តូរទិន្នន័យ (CamDx), ជាអ្នកត្រួតពិនិត្យលើការស្រាវជ្រាវ “បច្ចេកវិទ្យាហិរញ្ញវត្ថុ”, និងដឹកនាំ ការអនុវត្តស្រាវជ្រាវលើផ្នែក Natural Language Processing។  ឯកឧត្តមបណ្ឌិត មានបទពិសោធន៍ ១៥ឆ្នាំ ក្នុងផ្នែកវិស្វកម្មជំនាញទន់ និង ១០ឆ្នាំជាងក្នុងការបង្រៀនអំពីប្រព័ន្ធចែកចាយ និងម៉ាស៊ីន (Distributed Systems and Machine Learning)។ បើក្រលេកទៅមើលប្រវត្តិនៃការសិក្សាវិញ ឯកឧត្តមបណ្ឌិត បានបញ្ចប់ថ្នាក់បរិញ្ញាបត្រផ្នែក វិទ្យាសាស្រ្តកំុព្យូទ័រ ក្នុងឆ្នាំ ២០០២ មកពីសាកលវិទ្យាល័យភូមិន្ទភ្នំពេញ ប្រទេសកម្ពុជា, ទទួលបាន សញ្ញាបត្រអនុបណ្ឌិត​ផ្នែកបច្ចេកវិទ្យាទំនាក់ទំនងព័ត៌មាន (ICT) មកពី សាកលវិទ្យាល័យ Weseda ប្រទេសជប៉ុន ក្នុងឆ្នាំ ២០០៩ និងសញ្ញាបត្របណ្ឌិត ផ្នែកវិទ្យាសាស្រ្តកំុព្យូទ័រ មកពីសាកលវិទ្យាល័យបច្ចេកវិទ្យា Dresden ប្រទេសអាល្លឺម៉ង់ ក្នុងឆ្នាំ ២០១៨។