ការកសាងសេដ្ឋកិច្ច និង សង្គមឌីជីថល

  • ទំព័រដើម
  • ការកសាងសេដ្ឋកិច្ច និង សង្គមឌីជីថល
image

ក្របខណ្ឌគោលនយោបាយ

ក្របខណ្ឌគោលនយោបាយសេដ្ឋកិច្ច និង សង្គមឌីជីថលកម្ពុជា បានដាក់ចេញនូវក្របខណ្ឌរយៈពេលវែង សំដៅជំរុញ និង តម្រង់ទិសបរិវត្តកម្មឌីជីថលនៅកម្ពុជាឱ្យទទួលបានជោគជ័យ តាមរយៈការកំណត់ និង ការអនុវត្តវិធានការគោលនយោបាយ ដែលឆ្លុះបញ្ចាំង និង ឆ្លើយតបទៅនឹងស្ថានភាពបច្ចុប្បន្នរបស់កម្ពុជា ព្រមទាំងស្របតាមនិន្នាការតំបន់ និង សកល។

image

ចក្ខុវិស័យ គោលបំណង និង គោលដៅ

ក្របខណ្ឌគោលនយោបាយសេដ្ឋកិច្ច និង សង្គមឌីជីថលកម្ពុជា មានចក្ខុវិស័យ “កសាងសេដ្ឋកិច្ច និង សង្គមឌីជីថលរស់រវើក តាមរយៈការរៀបចំមូលដ្ឋានគ្រឹះជំរុញការទទួលយក និង បរិវត្តកម្មឌីជីថលនៅក្នុងគ្រប់តួអង្គសង្គម ទាំងរដ្ឋ ទាំងពលរដ្ឋ និង ទាំងធុរជន ដើម្បីជំរុញសម្ទុះកំណើនសេដ្ឋកិច្ចថ្មី និង លើកកម្ពស់សុខុមាលភាពសង្គម តាមគន្លងប្រក្រតីភាពថ្មី”។
ជាមួយគ្នានេះ គោលបំណងនៃគោលនយោបាយនេះផ្តោតលើ “ការកសាងសេដ្ឋកិច្ចឌីជីថលឱ្យក្លាយជាចន្ទល់កំណើនសេដ្ឋកិច្ចថ្មីផង និង ជាប្រព័ន្ធអេកូឡូស៊ីរួមចំណែកបង្កើនផលិតភាព និង ប្រសិទ្ធភាពសេដ្ឋកិច្ច និង លើកកម្ពស់សុខុមាលភាពរបស់ប្រជាពលរដ្ឋនៃសង្គមឌីជីថលកម្ពុជាផង”។
ក្នុងការកសាងសេដ្ឋកិច្ច និង សង្គមកិច្ចឌីជីថលកម្ពុជា តាមចក្ខុវិស័យ និងគោលបំណងខាង ក្របខណ្ឌគោលនយោបាយនេះកំណត់យកគោលដៅចម្បងចំនួន ៥ ដែលរួមមាន៖

  • ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ
  • ការកសាងពលរដ្ឋឌីជីថល
  • ការកសាងរដ្ឋាភិបាលឌីជីថល
  • ការជំរុញធុរកិច្ចឌីជីថល
  • ការកសាងទំនុកចិត្ត និង ភាពជឿជាក់លើប្រព័ន្ធឌីជីថល

ក្របខណ្ឌអាទិភាពនៃបរិវត្តកម្មឌីជីថលសម្រាប់សេដ្ឋកិច្ច និង សង្គមកម្ពុជា

ដើម្បីសម្រេចបាននូវគោលដៅខាងលើ តួអង្គពាក់ព័ន្ធទាំងអស់នឹងត្រៀមខ្លួន ព្រមទាំងចូលរួមអភិវឌ្ឍហេដ្ឋារចនាសម័ន្ធមូលដ្ឋាន ប្រើប្រាស់ និង ទទួលយកនូវបរិការណ៍ឌីជីថលនានា និង អភិវឌ្ឍខ្លួនតាមរយៈការពង្រឹងចំណេះដឹង និង ជំនាញផ្នែកបច្ចេកវិទ្យាឌីជីថលផ្សេងៗ។ ការធ្វើបរិវត្តកម្មឌីជីថលចាប់ផ្ដើមពីស្នូលនៃការធ្វើកំណែទម្រង់ស្ថាប័ន​ដោយឈរលើមូលដ្ឋានបច្ចេកវិទ្យាឌីជីថល ដែលក្នុងនោះរួមមាន ការរៀបចំថ្នាលឌីជីថល និង ការប្រើប្រាស់ទិន្នន័យ ដែលកើតចេញពីការធ្វើអន្តរសកម្មនៃតួអង្គសំខាន់ៗ ក្នុងការជំរុញ និងការអភិវឌ្ឍសេដ្ឋកិច្ច និង សង្គមឌីជីថល។

image
image

គោលការណ៍ក្នុងការកសាងសេដ្ឋកិច្ច និង សង្គមឌីជីថលកម្ពុជា

ដើម្បីពន្លឿនការចាប់យក និង ការទាញយកអត្ថប្រយោជន៍ពីការវិវឌ្ឍនៃបច្ចេកវិទ្យាឌីជីថល សំដៅជំរុញ និង អភិវឌ្ឍសេដ្ឋកិច្ច និង សង្គមឌីជីថល រាជរដ្ឋាភិបាលកំណត់យកគោលការណ៍ធំៗ ចំនួន ៣ ដែលរួមមាន “ការកសាងមូលដ្ឋានគ្រឹះឌីជីថល-ការចាប់យកឌីជីថល-ការធ្វើបរិវត្តកម្មឌីជីថល”។ ការកំណត់គោលការណ៍ច្បាស់លាស់ ផ្សារភ្ជាប់នឹងវិធានការគោលនយោបាយ និង ផែនការសកម្មភាពច្បាស់លាស់ នឹងអនុញ្ញាតឱ្យដំណើរឆ្ពោះទៅរកការអភិវឌ្ឍ និង ការកសាងសេដ្ឋកិច្ច និង សង្គមឌីជីថល កាន់តែមានប្រសិទ្ធភាពក្នុងកំឡុងពេលអនុវត្ត ដោយផ្អែកតាមវឌ្ឍនភាពការងារ ដែលមានភាពប្រទាក់ក្រឡា និងឆ្លើយតបគ្នាទៅវិញទៅមក។ ទទឹមនឹងនោះ ក្របខណ្ឌគោលនយោបាយនេះ កំណត់រយៈពេលអនុវត្តសម្រាប់រយៈពេល ១៥ ឆ្នាំ ចាប់ពីឆ្នាំ ២០២១ ដល់ឆ្នាំ ២០៣៥។

ដំណាក់កាលទី១: ការកសាងមូលដ្ឋានគ្រឹះ និង ការចាប់យកឌីជីថល
  • អភិវឌ្ឍបច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មាន
  • រៀបចំ និងបង្កើតក្របខណ្ឌស្ថាប័ន ក្របខណ្ឌច្បាប់ និងធនធានមនុស្ស
ដំណាក់កាលទី២: ការចាប់យក និង ការធ្វើបរិវត្តកម្មឌីជីថល
  • បន្តអភិវឌ្ឍធនធានមនុស្ស ពង្រឹងការស្រាវជ្រាវ និង អភិវឌ្ឍន៍ និង នវានុវត្តន៍
  • បន្តធ្វើទំនើបកម្មប្រព័ន្ធរដ្ឋ និងសេវាសាធារណ
  • ពង្រីកកិច្ចសហប្រតិបត្តិការទាំងក្នុងប្រទេស តំបន់ និងសាកល
ដំណាក់កាលទី៣: ការធ្វើបរិវត្តកម្មឌីជីថល
  • ពន្លឿនការអភិវឌ្ឍមូលដ្ឋានគ្រឹះឲ្យកាន់តែរឹងមាំ, ធនធានមនុស្សដែលកាន់តែមានសមត្ថភាព, និងបរិយាកាប្រព័ន្ធអេកូឡូស៊ីដែលកាន់តែអំណោយផល
  • ជំរុញឲ្យមានសង្គមឌីជីថលដែលមានការចូលរួម និងការប្រើប្រាស់បច្ចេកវិទ្យាកាន់តែខ្ពស់
image
image
image
image

ការត្រៀមខ្លួនរបស់កម្ពុជាក្នុងការកសាងសេដ្ឋកិច្ច និង សង្គមឌីជីថល

កម្ពុជា គឹជាប្រទេសដែលសម្រេចបានកំណើនខ្ពស់ក្នុងតំបន់ ប្រកបដោយជវភាព និង មានអំណោយផលផ្នែកប្រជាសាស្រ្ត សម្រាប់បន្តជំរុញការអភិវឌ្ឍប្រទេស ជាពិសេសក្នុងបរិការណ៍នៃបដិវត្តន៍ឧស្សាហកម្មទី ៤ និង បរិវត្តកម្មឌីជីថល។ នៅក្នុងដំណើរឆ្ពោះទៅបរិវត្តកម្មឌីជីថល ការត្រៀមខ្លួន គឺជាបុរេលក្ខខណ្ឌចាំបាច់ ដែលប្រទេសនានា បាន និង កំពុងរៀបចំ និង ដាក់ចេញនូវក្របខណ្ឌគោលនយោបាយជាយុទ្ធសាស្រ្តក្នុងការចាប់យកអត្ថប្រយោជន៍ជាអតិបរមាពីសេដ្ឋកិច្ច និងសង្គមឌីជីថល។

តាមរយៈឧត្តមានុវត្តន៍នៃការអនុវត្ត នៅតាមបណ្ដាប្រទេសនានា ការចាប់យកសេដ្ឋកិច្ច និង សង្គមឌីជីថល ផ្តោតលើសមាសធាតុសំខាន់ៗ រួមមាន៖

ទោះបីជាហេដ្ឋារចនាសម័ន្ធបណ្ដាញអ៉ីនធឺណិតនៅកម្ពុជាមានវិសាសលភាពគ្របដណ្ដប់កាន់តែល្អប្រសើរ និង មានថ្លៃសមរម្យ ជាពិសេសនៅតាមទីក្រុង និងទីប្រជុំជនធំៗ គុណភាពជារួមនៅមានកម្រិតនៅឡើយ ដែលទាមតារឱ្យមានការពង្រឹងបន្ថែម។ ដូននេះ ការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធ នឹងផ្តោតលើការពង្រីកបណ្តាញអ៊ីនធឺណែតល្បឿនលឿន រៀបចំប្រព័ន្ធទូទាត់ឌីជីថល និងការរៀបចំប្រព័ន្ធដឹកជញ្ជូន និងការចែកចាយម៉ាយល៍ចុងក្រោយ ដើម្បីគាំទ្រដល់ដំណើរការអភិវឌ្ឍសេដ្ឋកិច្ចសង្គមឌីជីថល។

ដោយសារតែកម្ពុជានៅមានភាពទន់ខ្សោយច្រើនក្នុងការទប់ទល់នឹងការវាយប្រហារតាមប្រព័ន្ធអ៉ីនធឺណិត ហើយក្របខណ្ឌច្បាប់ និងក្របខណ្ឌស្ថាប័ន របស់កម្ពុជាក្នុងការគាំទ្រ និង ការធានាបាននូវសន្តិសុខ និងសុវត្ថិភាពក្នុងការប្រើប្រាស់ឌីជីថលក៏នៅមានកម្រិត។ ហេតុដូចនេះហើយ ការកសាងភាពជឿជាក់ និងទំនុកចិត្តលើប្រព័ន្ធឌីជីថលនឹងផ្តោតលើការកសាងប្រព័ន្ធច្បាប់ និងការលើកកម្ពស់ការយល់ដឹងអំពីសុវត្ថិភាពឌីជីថលដែលនឹងរួមចំណែកដល់ការបង្កើនភាពជឿជាក់ និងទំនុកចិត្តរបស់អ្នកពាក់ព័ន្ធ និងលើកទឹកចិត្តឱ្យមានការចូលរួមកាន់តែទូលំទូលាយនៅក្នុងដំណើរការអភិវឌ្ឍសេដ្ឋកិច្ចសង្គមឌីជីថល។

សម្រាប់កម្ពុជា ធនធានមនុស្សទាំងអ្នកដឹកនាំ កម្លាំងពលកម្ម និង ប្រជាពលរដ្ឋគ្រប់រូប មានការវិវឌ្ឍគួរឱ្យកត់សម្គាល់ ជាពិសេសពាក់ព័ន្ធនឹងការចាប់យកឌីជីថល ប៉ុន្តែនៅមានកម្រិត បើធៀបនឹងបណ្ដាប្រទេសក្នុងតំបន់។ ដើម្បីចាប់យកអត្ថប្រយោជន៍ជាអតិបរមាពីបរិវត្តកម្មសេដ្ឋកិច្ច និង សង្គមឌីជីថលផង និង បង្កើនភាពប្រកួតប្រជែងជាមួយនឹងប្រទេសក្នុងតំបន់ផង, រាជរដ្ឋាភិបាលនឹងផ្តោតលើការអភិវឌ្ឍចំណេះដឹង និង ជំនាញឌីជីថល ដោយផ្ដល់អាទិភាពលើមុខព្រួញ ជាក់លាក់ចំនួន ៣ ដែលរួមមាន ភាពជាអ្នកដឹកនាំឌីជីថល, បណ្ដុំធនធានមនុស្សដែលមានទេពកោសល្យឌីជីថល, និង ពលរដ្ឋឌីជីថល ទាំងក្នុងវិស័យសាធារណ និង វិស័យឯកជន និងជ្រៀតដល់កម្រិតសហគមន៍មូលដ្ឋាន។

រដ្ឋាភិបាលឌីជីថល ជាតួអង្គដែលត្រូវការជាចាំបាច់ក្នុងការរៀបចំសេដ្ឋកិច្ច និង សង្គមឌីជីថល មានន័យថា រាជរដ្ឋាភិបាលត្រូវឈានមុខគេក្នុងការប្រើប្រាស់ឌីជីថល ដើម្បីបង្កើតឱ្យមានតម្រូវការផ្ទាល់ ក៏ដូចជា ដើម្បីឱ្យធុរជន និង ប្រជាពលរដ្ឋ ចាប់យកវិស័យឌីជីថល។ ដូច្នេះ ដើម្បីជំរុញរបៀបវារៈ នៃការកែទម្រងរបស់រាជរដ្ឋាភិបាល ដោយប្រើប្រាស់បច្ចេកវិទ្យា និង បង្កើតបរិយាកាសប្រកបដោយបរិយាបន្នកម្មមួយ ក្នុងកាអភិវឌ្ឍ និង ការកសាងសេដ្ឋកិច្ច និងសង្គមឌីជីថល ដែលអាចគាំទ្រដល់រាជរដ្ឋាភិបាលក្នុងការសម្រេចបាននូវបេសកម្មឌីជីថល និង ការពង្រីកបន្ថែមដើម្បីគាំទ្រដល់ធុកិច្ច និង ប្រជាពលរដ្ឋ រាជរដ្ឋាភិបាលផ្តោតការកសាងរដ្ឋាភិបាលឌីជីថលដោយផ្អែកលើទិដ្ឋភាព ៣ ដែលរួមមានរដ្ឋាភិបាល និង សេវាសាធារណឌីជីថល តាមរយៈការបន្តផ្ដល់ភាពជាម្ចាស់ និង ការទទួលខុសត្រូវនៃប្រ័ព្ធបច្ចេកវិទ្យាព័ត៌មានរបស់ក្រសួង-ស្ថាប័នសំខាន់ៗ និង​ ការកសាងស្ដង់ដារបច្ចេកទេសរួមសម្រាប់ការអនុវត្តនៅតាមក្រសួង-ស្ថាប័ន, គន្លឹះជំរុញការអនុវត្តឌីជីថល, និងអភិបាលកិច្ចផ្អែកលើទិន្នន័យ។

កន្លងមក ការចាប់យក និង ការប្រើប្រាស់បច្ចេកវិទ្យាឌីជីថល ក៏ដូចជា ICT របស់សហគ្រាសនៅកម្ពុជានៅមានកម្រិតទាបស្ទើរគ្រប់វិស័យ និង ស្ទើរគ្រប់ទំហំនៃសហគ្រាស។ ហេតុដូចនេះ ដើម្បីជំរុញការចាប់យកឌីជីថលរបស់សហគ្រាសគ្រប់កម្រិត និង គ្រប់វិស័យ ក្នុងន័យពង្រីកទីផ្សារ, ពង្រឹងប្រសិទ្ធភាពប្រតិបត្តិការ, ធានាបាននូវចីរភាពនៃអាជីវកម្ម, បង្កើនផលិតភាព និង ប្រសិទ្ធភាពសេដ្ឋកិច្ច, និង លើកកម្ពស់ភាពប្រកួតប្រជែង, ជំរុញការចូលរួមរបស់ក្រុមហ៊ុនឯកជនតាមខ្សែច្រវាក់ឌីជីថលលើកិច្ចការចំនួន ៣ ដែលរួមមាន ការជំរុញបរិវត្តកម្មឌីជីថលសហគ្រាស, ការបង្កើតប្រព័ន្ធអេកូឡូស៊ីសហគ្រិនភាព និង ធុរកិច្ចថ្មី, និង ការលើកកម្ពស់ខ្សែច្រវាក់តម្លៃឌីជីថល។