សិក្ខាសាលាផ្សព្វផ្សាយស្តីពី គោលនយោបាយអភិវឌ្ឍបច្ចេកវិទ្យាហិរញ្ញវត្ថុកម្ពុជា ២០២៣ - ២០២៨
ភ្នំពេញ៖ នាព្រឹកថ្ងៃទី ៤ ខែ តុលា ឆ្នាំ ២០២៣ វេលាម៉ោង ៩:០០ នាទីព្រឹក ដល់ម៉ោង ១២:២០ នាទីរសៀល, គណៈកម្មាធិការសេដ្ឋកិច្ច និងធុរកិច្ចឌីជីថល នៃក្រុមប្រឹក្សាជាតិសេដ្ឋកិច្ច និងសង្គមឌីជីថលបានរៀបចំសិក្ខាសាលាផ្សព្វផ្សាយស្តីពី គោលនយោបាយអភិវឌ្ឍបច្ចេកវិទ្យាហិរញ្ញវត្ថុកម្ពុជា ២០២៣ - ២០២៨ នៅសណ្ឋាគារ ហៃយ៉ាត់ រីជិនស៊ី ភ្នំពេញ ត្រូវបានប្រារព្ធឡើង ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ និងជាប្រធានគណៈកម្មាធិការសេដ្ឋកិច្ច និងធុរកិច្ចឌីជីថល។ សិក្ខាសាលានេះមានការចូលរួមពីថ្នាក់ដឹកនាំ និងមន្ត្រីជាន់ខ្ពស់របស់រាជរដ្ឋាភិបាលតំណាងក្រសួង ស្ថាប័ន និងនិយ័តករ, ស្ថានទូត, គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ, គ្រឹះស្ថានអប់រំ, ក្រុមហ៊ុនក្នុងវិស័យធានារ៉ាប់រង, ក្រុមហ៊ុនឯកជនជាតិ និងអន្តរជាតិ និងសមាគមពាក់ព័ន្ធនានា សរុបចំនួន ២៣០ រូប។ សិក្ខាសាលានេះរៀបចំឡើងក្នុងគោលបំណងផ្សព្វផ្សាយគោលនយោបាយនេះឱ្យបានទូលំទូលាយក្នុងស្មារតីជំរុញការអនុវត្ត និងបន្តជំរុញការអភិវឌ្ឍបច្ចេកវិទ្យាហិរញ្ញវត្ថុនៅកម្ពុជា។
សិក្ខាសាលាផ្សព្វផ្សាយនេះត្រូវបានប្រារព្ធឡើង ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ និងជាប្រធានគណៈកម្មាធិការសេដ្ឋកិច្ច និងធុរកិច្ចឌីជីថល។ ក្នុងការថ្លែងសុន្ទរកថាបើកដំណើរការជាផ្លូវការនៃសិក្ខាសាលានេះ, ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ បានលើកឡើងពីសាវតារនៃការរៀបចំតាក់តែងគោលនយោបាយអភិវឌ្ឍបច្ចេកវិទ្យាហិរញ្ញវត្ថុកម្ពុជា។ ដោយមើលឃើញពីសក្តានុពលដ៏ធំធេងពីបច្ចេកវិទ្យាហិរញ្ញវត្ថុ, រាជរដ្ឋាភិបាលបានដាក់ចេញនូវ គោលនយោបាយអភិវឌ្ឍបច្ចេកវិទ្យាហិរញ្ញវត្ថុកម្ពុជា ២០២៣ - ២០២៨ ដែលមានចក្ខុវិស័យរយៈពេលវែងគឺ អភិវឌ្ឍបច្ចេកវិទ្យាហិរញ្ញវត្ថុ ដោយឈរលើមូលដ្ឋាននៃការលើកកម្ពស់បរិយាបន្នហិរញ្ញវត្ថុ, ការរក្សាស្ថិរភាពវិស័យហិរញ្ញវត្ថុ និងការជំរុញនវានុវត្តន៍ហិរញ្ញវត្ថុ ដើម្បីចាប់យកអត្ថប្រយោជន៍ជាអតិបរមា ពីបរិវត្តកម្មឌីជីថលក្នុងវិស័យហិរញ្ញវត្ថុ និងផ្តល់កាលានុវត្តភាពដល់គ្រប់តួអង្គ សំដៅរួមចំណែកជំរុញសម្ទុះនៃការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមឌីជីថលកម្ពុជាដ៏រស់រវើក ដោយឈរលើគោលការណ៍ធំៗ ចំនួន ៣ រួមមាន៖ (១) ការលើកកម្ពស់បរិយាបន្នហិរញ្ញវត្ថុ, (២) ការរក្សាស្ថិរភាពវិស័យហិរញ្ញវត្ថុ និង (៣) ការជំរុញនវានុវត្តន៍ហិរញ្ញវត្ថុ។
គោលនយោបាយនេះមានគោលដៅចម្បងចំនួន ៤ គឺ៖ (១) ការអភិវឌ្ឍបរិស្ថានគោល-នយោបាយអំណោយផល, (២) ការអភិវឌ្ឍថ្នាលឌីជីថលគ្រឹះ, (៣) ការជំរុញការប្រើប្រាស់ និងការអភិវឌ្ឍបច្ចេកវិទ្យាគាំទ្រ និង (៤) ការជំរុញការអភិវឌ្ឍ និងនវានុវត្តន៍សកម្មភាពបច្ចេកវិទ្យាហិរញ្ញវត្ថុ។ ដើម្បីឱ្យការអនុវត្តគោលនយោបាយនេះសម្រេចបានជោគជ័យ, វិធានការគោលនយោបាយសរុបចំនួន ៥២ ត្រូវបានដាក់ចេញ ដោយការអនុវត្តវិធានការគោលនយោបាយទាំងអស់នេះ ត្រូវគោរពតាមអភិក្រមចំនួន ៣ គឺ៖ ទី១) ការចាប់យក (Adoption), ទី២) ការកែសម្រប (Adaptation) និង ទី៣) ការធ្វើនវានុវត្តន៍បន្ថែម (Further Innovation)។ ទន្ទឹមនឹងនេះ គោលនយោបាយនេះនឹងត្រូវអនុវត្តដោយតួអង្គសំខាន់ចំនួន ២ គឺ ធនាគារជាតិនៃកម្ពុជា និងនិយ័តករក្រោមឱវាទអាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ និងក្រសួង ស្ថាប័នពាក់ព័ន្ធមួយចំនួន ដូចជាក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ និងក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ក្រោមការសម្របសម្រួល និងការដឹកនាំដោយគណៈកម្មាធិការសេដ្ឋកិច្ច និងធុរកិច្ចឌីជីថល។ ការអនុវត្តគោលនយោបាយនេះក៏តម្រូវឱ្យមានការចូលរួមពីវិស័យឯកជនក្នុងវិស័យបច្ចេកវិទ្យាហិរញ្ញវត្ថុ ដើម្បីជួយជំរុញឱ្យការអនុវត្តគោលនយោបាយនេះបានលទ្ធផលដូចការរំពឹងទុក។ បន្ថែមលើនេះ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ បានផ្តល់អនុសាសន៍ និងការតម្រង់ទិសដល់ក្រសួង ស្ថាប័នទទួលបន្ទុកអនុវត្ត និងភាគីពាក់ព័ន្ធ ដើម្បីធ្វើឱ្យការអនុវត្តគោលនយោបាយនេះកាន់តែទទួលបានប្រសិទ្ធភាពខ្ពស់ ដែលមានជារួមគឺ ការបន្តចូលរួមអនុវត្តគោលនយោបាយឱ្យបានពេញលេញ តាមរយៈការរៀបចំផែនការសកម្មភាពការងារជាក់ស្តែងស្រាវជ្រាវដកស្រង់បទពិសោធន៍ និងរៀនសូត្រជាប់ជាប្រចាំ ព្រមទាំងបង្កើនកិច្ចសហការជិតស្និទ្ធ ប្រកបដោយស្មារតីបុរេសកម្ម, ភាពម្ចាស់ការ និងការទទួលខុសត្រូវខ្ពស់។
សិក្ខាសាលានេះបានប្រព្រឹត្តទៅយ៉ាងរលូន និងសម្រេចលទ្ធផលគាប់ប្រសើរដូចការរំពឹងទុក ដោយមានអន្តរសកម្មរវាងវាគ្មិន និងអ្នកចូលរួម ប្រកបដោយស្មារតីចែករំលែក និងយកចិត្តទុកដាក់ខ្ពស់។ តាមរយៈបទបង្ហាញ និងកិច្ចពិភាក្សា, គណៈកម្មាធិការសេដ្ឋកិច្ច និងធុរកិច្ចឌីជីថល និងក្រសួង ស្ថាប័នទទួលបន្ទុកអនុវត្តសង្ឃឹមយ៉ាងមុតមាំថា ការអនុវត្តគោលនយោបាយនេះ នឹងជួយពន្លឿនការអភិវឌ្ឍបច្ចេកវិទ្យាហិរញ្ញវត្ថុ ក៏ដូចជារួមចំណែកដល់ការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមឌីជីថលក្នុងប្រទេសកម្ពុជាផងដែរ។