សិក្ខាសាលាស្តីពី “ថ្នាលគ្រឹះឌីជីថលកម្ពុជា”

image
image

សិក្ខាសាលាស្តីពី “ថ្នាលគ្រឹះឌីជីថលកម្ពុជា”

ភ្នំពេញ៖ នាថ្ងៃទី ០៨ ខែ​ កញ្ញា ឆ្នាំ ២០២២ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ, គណៈកម្មាធិការសេដ្ឋកិច្ចនិងធុរកិច្ចឌីជីថល និង មជ្ឈមណ្ឌលបណ្តុះធុរកិច្ចថ្មី “តេជោ” បានសហការរៀបចំសិក្ខាសាលាផ្សព្វផ្សាយមួយស្តីពី “ថ្នាលគ្រឹះឌីជីថលកម្ពុជា” នៅសណ្ឋាគារភ្នំពេញ (Phnom Penh Hotel) ។ សិក្ខាសាលានេះបានប្រព្រឹត្តទៅក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តមបណ្ឌិត គង់ ម៉ារី អនុរដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ និង ជាអគ្គលេខាធិការនៃអគ្គលេខាធិការដ្ឋានគណៈកម្មាធិការសេដ្ឋកិច្ចនិងធុរកិច្ចឌីជីថល ដោយមានការចូលរួមពីថ្នាក់ដឹកនាំ និង មន្រ្តីរាជការពីក្រសួង-ស្ថាប័នពាក់ព័ន្ធ និងអង្គភាពក្រោមឱវាទក្រសួងសេដ្ឋកិច្ច និងហរិញ្ញវត្ថុ សរុបប្រមាណ ១២០ រូប ។ សិក្ខាសាលានេះ ត្រូវបានរៀបចំឡើងក្នុងគោល​បំណងផ្សព្វផ្សាយ និងលើកកម្ពស់ការយល់ដឹង ក៏ដូចជាការប្រើប្រាស់ថ្នាល CamDX, ថ្នាល CamDigiKey និង បច្ចេកវិទ្យាហត្ថលេខាឌីជីថល (Digital Signature) ក្នុងវិស័យសាធារណៈ។

ឯកឧត្តមបណ្ឌិត គង់ ម៉ារី បានអញ្ជើញថ្លែងសុន្ទរកថាគន្លឹះ ដោយបានគូសរំលេចអំពីសារៈ-សំខាន់ អត្ថប្រយោជន៍ និងនិរន្តភាពនៃថ្នាលគ្រឹះឌីជីថលសំខាន់ទាំង៣ ដែលស្របទៅនឹងគោលនយោបាយសេដ្ឋកិច្ច និងសង្គមឌីជីថលរបស់រាជរដ្ឋាភិបាលកម្ពុជា សំដៅលើកកម្ពស់ការប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យាឌីជីថលឱ្យកាន់តែទូលំទូលាយ ដើម្បីផ្តល់កំណើនដល់សេដ្ឋកិច្ចជាតិ និងផ្តល់សេវាសាធារណៈកាន់តែប្រសើរ ប្រកប​ដោយប្រសិទ្ធភាព។ នៅក្នុងសិក្ខាសាលានេះ, ប្រធានបទសំខាន់ទាំង៣ ត្រូវបានលើកយកមកធ្វើបទបង្ហាញដោយវាគ្មិនកិត្តិយស រួមមាន លោក យិន កក់ផឹង អំពីថ្នាល CamDX, លោក ទិត្យ ដារ៉ាយ៉ុង អំពីថ្នាល CamDigiKey និង លោក ប៉េង ឆ័យឡេង អំពីហត្ថលេខាឌីជីថល ដោយមានការចូលរួមយ៉ាងផុលផុស ក្នុងវេទិកាសំណួរ-ចម្លើយ រវាងវាគ្មិនកិត្តិយស និងអ្នកចូលរួម ផងដែរ​ បន្ទាប់ពីការធ្វើបទបង្ហាញអំពីប្រធានបទនីមួយៗ ។ 

សូមគូសបញ្ជាក់ដែរថា ក្នុងរយៈពេល ២ឆ្នាំ កន្លងទៅ, ថ្នាល CamDX បានពង្រីកវិសាលភាពប្រើប្រាស់ទៅកាន់សេវាសាធារណៈដូចជា ប្រព័ន្ធចុះបញ្ជីអាជីវកម្មតាមថ្នាលបច្ចេកវិទ្យាព័ត៌មានដំណាក់កាលទី១ និង ដំណាក់-កាលទី២, ប្រព័ន្ធវាយតម្លៃហានិភ័យអ្នកដំណើរតាមផ្លូវអាកាស(GTAS), ប្រព័ន្ធស្នើសុំលិខិតបញ្ជាក់លើការធានាអញ្ជើញ សម្រាប់វិនិយោគិនដែលធ្វើដំណើរចូលមកប្រទេសកម្ពុជាក្នុងអំឡុងពេលរីករាលដាលនៃជំងឺកូវីដ-១៩ (ត្រូវបានផ្អាកដំណើ​រ​​ការរួចទៅហើយដោយ​សារ​ស្ថានភាពប្រសើរឡើងនៃជំងឺកូវីដ-១៩) និង ប្រព័ន្ធសម្គាល់អត្ត-សញ្ញាណអតិថិជនឌីជីថល (e-KYC) ។