វេបផតថលសម្រាប់ធុរកិច្ច និង សេដ្ឋកិច្ចឌីជីថលកម្ពុជា
ភ្នំពេញ៖ នារសៀលថ្ងៃទី ២៧ ខែ តុលា ឆ្នាំ ២០២២, គណៈកម្មាធិការសេដ្ឋកិច្ច និងធុរកិច្ចឌីជីថល, មជ្ឈមណ្ឌលបណ្ដុះធុរកិច្ចថ្មី ”តេជោ” និងក្រុមហ៊ុន Meta (Facebook) បានសហការរៀបចំសិក្ខាសាលា ស្តីពី “វេបផតថលសម្រាប់ធុរកិច្ច និង សេដ្ឋកិច្ចឌីជីថលកម្ពុជា” នៅសណ្ឋាគារហៃយ៉ាត់ រីជិនស៊ី ភ្នំពេញ (Hyatt Regency Phnom Penh Hotel)។ សិក្ខាសាលានេះបានប្រព្រឹត្តទៅក្រោមអធិបតីភាពរបស់ ឯកឧត្តមបណ្ឌិត គង់ ម៉ារី អនុរដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាអគ្គលេខាធិការនៃ អគ្គលេខាធិការដ្ឋានគណៈកម្មាធិការសេដ្ឋកិច្ច និងធុរកិច្ចឌីជីថល ដោយមានការចូលរួមពីតំណាងគណៈកម្មាធិការរដ្ឋាភិបាលឌីជីថល, តំណាងក្រសួង-ស្ថាប័នពាក់ព័ន្ធ, វិស័យឯកជន, សមាគម និងសង្គមស៊ីវិល សរុបប្រមាណ ១២០ រូប។
សិក្ខាសាលានេះត្រូវបានរៀបចំឡើង ក្នុងគោលបំណងផ្សព្វផ្សាយឱ្យបានទូលំទូលាយទៅកាន់វិស័យឯកជន និងវិស័យសាធារណៈ ក៏ដូចជាលើកទឹកចិត្តឱ្យសាធារណជនប្រើប្រាស់នូវវេបផតថល និងគេហទំព័រ សំខាន់ៗ ពាក់ព័ន្ធនឹងធុរកិច្ច និងសេដ្ឋកិច្ចឌីជីថល ដែលមានដូចជា ៖
(១) គេហទំព័ររបស់គណៈកម្មាធិការសេដ្ឋកិច្ច និងធុរកិច្ចឌីជីថល (www.digitaleconomy.gov.kh) ដាក់បង្ហាញនូវសកម្មភាពការងារ របស់គណៈកម្មាធិការ សេដ្ឋកិច្ច និងធុរកិច្ចឌីជីថល, ទិន្នន័យ ថ្នាលឌីជីថល និងគម្រោងគាំទ្រសំខាន់ៗពាក់ព័ន្ធ នឹងវិស័យដែលគាំទ្រដល់សេដ្ឋកិច្ច និងសង្គមឌីជីថល។
(២) ថ្នាលធុរកិច្ច (www.business.gov.kh) ប្រមូលផ្ដុំព័ត៌មានស្ដីពីការធ្វើធុរកិច្ចនៅកម្ពុជា ដាក់ក្នុង កន្លែងតែមួយ សម្រួលដល់ធុរជនក្នុងការស្វែរកព៏ត៌មានស្តី ពីការស្នើសុំវិញ្ញាបន បត្រ, អាជ្ញាបណ្ណ និងលិខិតអនុញ្ញាតធ្វើអាជីវកម្ម និងកិច្ចការងារ ផ្សេងៗទៀត ក្នុងការ ធ្វើធុរកិច្ចនៅកម្ពុជា។
(៣) ថ្នាលធុរកិច្ចថ្មីកម្ពុជា (www.startupcambodia.gov.kh) ជាផ្នែកមួយ នៃកម្មវិធីថ្នាក់ ជាតិធុរកិច្ចថ្មីកម្ពុជា បង្កើតឡើងដើម្បី រៀបបញ្ជីនៃតួអង្គ ក្នុងប្រព័ន្ធអេកូឡូស៊ីធុរកិច្ចថ្មី កម្ពុជាសំដៅបង្កើនអន្តរ-សកម្មរវាងតួអង្គគាំទ្រធុរកិច្ចថ្មី និងប្រព័ន្ធអេកូឡូស៊ីឲ្យកាន់តែមាន ភាពប្រទាក់ក្រឡា និងរស់រវើក។
(៤) គម្រោង Go4eCam ផ្ដល់នូវលក្ខខណ្ឌចាំបាច់ដល់សហគ្រាសធុនមីក្រូ តូចនិង មធ្យម ក្នុងការធ្វើបរិវត្តកម្មឌីជីថល និងទទួលបានសិទ្ធិប្រើប្រាស់ថវិកាតាមតម្រូវការក្នុង ការចាប់យកពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក និងការធ្វើអាជីវកម្មឱ្យមានលក្ខណៈផ្លូវការ ដើម្បីគាំទ្រដល់ការតៀម ខ្លួនក្នុងការនាំចេញ។
ទន្ទឹមនេះ, សិក្ខាសាលាក៏បានផ្សព្វផ្សាយពីវេបផតថលសេដ្ឋកិច្ចឌីជីថល (www.dep.kh) ដែល ជាវេបផតថលផ្ដល់ព័ត៌មានស្ដីពីសេដ្ឋកិច្ច និង សង្គមឌីជីថលកម្ពុជា ដែលរៀបចំឡើងដោយអង្គការ ទិន្នន័យអំពីការអភិវឌ្ឍ ក្រោមកិច្ចសហការជាមួយក្រុមហ៊ុន Meta ផងដែរ។
សិក្ខាសិលានេះត្រូវបានរៀបចំឡើងស្របតាមការណែនាំដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តមអគ្គបណ្ឌិត សភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធាន គណៈកម្មាធិការសេដ្ឋកិច្ច និងធុរកិច្ចឌីជីថល ដែលបានមើលឃើញពីសារៈសំខាន់, សក្ដានុពល និង កាលានុវត្តភាពនៃការប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យាឌីជីថលក្នុងការអភិវឌ្ឍសេដ្ឋកិច្ច និងជំរុញធុរកិច្ចឌីជី ថលនៅប្រទេសកម្ពុជា ដែលក្នុងនោះការទទួលបានទិន្នន័យ និងព័ត៌មាន គ្រប់ជ្រុងជ្រោយ និងអាចទុកចិត្តបាន ពីសកម្មភាពសេដ្ឋកិច្ចនិងធុរ-កិច្ចឌីជីថល តាមរយៈវេបផតថល និងមធ្យោបាយ ផ្សព្វផ្សាយខាងលើ មានសារៈសំខាន់ក្នុងការជំរុញការចាប់យកឌីជីថល និងបរិយាប័ន្នឌីជីថល និង លើកស្ទួយការយល់ដឹងពីការប្រើប្រាស់បច្ចេកវិទ្យាឌីជីល ក្នុងដំណើរនៃការកសាង និងការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមឌីជីលកម្ពុជា ដែលរស់រវើក និងប្រកបដោយបរិយាប័ន្ន។ ទន្ទឹមនេះ, ការរៀបចំសិក្ខាសាលានេះឡើងបានឆ្លុះបញ្ចាំងយ៉ាងច្បាស់ពីសារៈសំខាន់នៃសហឋាមពល (Synergy) ដែលកើតឡើងរវាងកិច្ចសហប្រតិបត្តិការ និងវិស័យរដ្ឋ និងឯកជន ក្នុងការជំរុញឱ្យមានការចាប់យកឌីជីថល និងការធ្វើបរិវត្តកម្មឌីជីថលនៅលើគ្រប់វិស័យ និងតួអង្គ។
សិក្ខាសាលានេះបានប្រព្រឹត្តទៅយ៉ាងរលូន និងទទួលបានលទ្ធផលគាប់ប្រសើរដូចការរំពឹងទុកថែមទាំងទទួលបានធាតុចូលល្អៗជាច្រើន តាមរយៈការពិភាក្សា, ការចែករំលែកទស្សនាទាន, គំនិតនវានុវត្តន៍ និងបទ-ពិសោធន៍ជាក់ស្តែងពីសំណាក់ភាគីពាក់ព័ន្ធទាំងអស់។