វេទិកាបច្ចេកវិទ្យាហិរញ្ញវត្ថុ នៃពិព័រណ៍បច្ចេកវិទ្យាកម្ពុជា ២០២២ ​

image
image

វេទិកាបច្ចេកវិទ្យាហិរញ្ញវត្ថុ នៃពិព័រណ៍បច្ចេកវិទ្យាកម្ពុជា ២០២២ ​

ភ្នំពេញ៖ ក្នុងពិព័រណ៍បច្ចេកវិទ្យាកម្ពុជា ២០២២ ដែលប្រព្រឹត្តឡើងនាថ្ងៃទី ១១ ដល់ ថ្ងៃទី ១៣ ខែ វិច្ឆិកា ឆ្នាំ ២០២២ នៅមជ្ឈមណ្ឌលសន្និបាតនិងពិព័រណ៍កោះពេជ្រ ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ គណៈកម្មាធិការសេដ្ឋកិច្ច និងធុរកិច្ចឌីជីថល ធនាគារជាតិនៃកម្ពុជា មជ្ឈមណ្ឌលបណ្ដុះធុរកិច្ចថ្មី “តេជោ” និង CamTech Summit ដែលគាំទ្រដោយក្រុមហ៊ុនព្រូដិនសលកម្ពុជា សមាគមធនាគារនៅកម្ពុជា សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា និងសមាគម សហព័ន្ធហិរញ្ញវត្ថុនិងបច្ចេកវិទ្យានៃកម្ពុជា បានសហការរៀបចំវេទិកាបច្ចេកវិទ្យាហិរញ្ញវត្ថុ ដែលជាពិព័រណ៍បច្ចេកវិទ្យា ហិរញ្ញវត្ថុលើកដំបូងនៅកម្ពុជា។ វេទិកានេះមានការចូលរួមពីថ្នាក់ដឹកនាំក្រសួង-ស្ថាប័ន  គ្រឹះស្ថានធនាគារ គ្រឹះស្ថាន មីក្រូហិរញ្ញវត្ថុ គ្រឹះស្ថានអប់រំ ស្ថាប័នស្រាវជ្រាវ ដៃគូអភិវឌ្ឍន៍ ព្រមទាំងសមាគម និងស្ថាប័នពាក់ព័ន្ធដទៃក្នុង វិស័យឯកជន សរុបប្រមាណ ៣៩០ រូប។

វេទិកានេះមានគោលបំណងគាំទ្រ និងជំរុញការអភិវឌ្ឍសេដ្ឋកិច្ចឌីជីថល និងបច្ចេកវិទ្យាហិរញ្ញវត្ថុ នៅកម្ពុជាដោយ កៀរគរនិយ័តករ វិស័យឯកជន ក៏ដូចជាស្ថាប័នជាតិនិងអន្តរជាតិពាក់ព័ន្ធ មកជួបជុំគ្នាស្វែងយល់បន្ថែមឱ្យកាន់តែ ច្បាស់ពីនិន្នាការនិងនវានុវត្តន៍ឬផលិតផលបច្ចេកវិទ្យាហិរញ្ញវត្ថុ ព្រមទាំងពិភាក្សាពីកាលានុវត្តភាព និងបញ្ហាប្រឈម នានា ដើម្បីពង្រឹងនិងពង្រីកប្រព័ន្ធអេកូឡូស៊ីបច្ចេកវិទ្យាហិរញ្ញវត្ថុកម្ពុជា ក្ដោបយកឱកាស ជាអតិបរមាពីនវានុវត្តន៍ ទាំងនោះ ព្រមទាំងសម្រប និងត្រៀមខ្លួនសម្រាប់ការវិវឌ្ឍដ៏រហ័សនៃបច្ចេកវិទ្យាហិរញ្ញវត្ថុនៅកម្ពុជា។ គោលបំណង សំខាន់មួយទៀតរបស់វេទិកានេះគឺ ការបន្តប្រមូលធាតុចូលល្អៗ និងជាក់លាក់បន្ថែមក្នុងដំណើរ ការរៀបចំសេចក្តី ព្រាងគោលនយោបាយអភិវឌ្ឍវិស័យបច្ចេកវិទ្យាហិរញ្ញវត្ថុកម្ពុជា ដែលមានលក្ខណៈមុតស្រួចនិងងាយបត់បែន។

            

ក្នុងរយៈពេលបីថ្ងៃនៃវេទិកានេះ មានបទបង្ហាញចំនួន ១២ ដែលផ្ដោតលើប្រធានបទសំខាន់ៗដូចជា ការអភិវឌ្ឍ បច្ចេកវិទ្យាហិរញ្ញវត្ថុនៅកម្ពុជានិងអាស៊ាន, សេចក្ដីព្រាងគោលនយោបាយអភិវឌ្ឍវិស័យបច្ចេកវិទ្យាហិរញ្ញវត្ថុកម្ពុជា, ឌីជី-ថលូបនីយកម្មនៃសេវាធនាគារ, ខេ អេច ឃ្យូ អរ (KHQR) និងបាគង (Bakong), Open Banking, បច្ចេកវិទ្យាធានារ៉ាប់រង, សន្តិសុខសាយប័រក្នុងប្រទេសកំពុងអភិវឌ្ឍន៍, ការដាក់ដំណើរការថ្នាល Cambodia Distributed Ledger (CamDL), និងការយល់ដឹងពី Web 3.0។ ក្រៅពីនេះ វេទិកាក៏មានកិច្ចពិភាក្សាចំនួន ៥ ដែលជជែកលើចលនាបច្ចេក-វិទ្យាហិរញ្ញវត្ថុមួយប្រចាំអាស៊ាន, ឌីជីថលូបនីយកម្មក្នុងវិស័យធនាគារ និងធនធាន មនុស្ស, សក្ដានុពលនៃបច្ចេកវិទ្យាធានារ៉ាប់រង, ការគំរាមកំហែងសាយប័រក្នុងទីផ្សារហិរញ្ញវត្ថុ, និងការកសាងសេវា ហិរញ្ញវត្ថុថ្មីតាមរយៈ Web 3.0។

ជាលទ្ធផល វេទិកាបច្ចេកវិទ្យាហិរញ្ញវត្ថុបានប្រព្រឹត្តទៅយ៉ាងរលូន បញ្ចប់ដោយភាពជោគជ័យ និងទទួលបាន លទ្ធផលគាប់ប្រសើរដូចការរំពឹងទុក ដោយមានអន្តរសកម្ម និងការពិភាក្សាគ្នាយ៉ាងផុសផុល ប្រកបដោយស្មារតីចែក រំលែក និងយកចិត្តទុកដាក់ខ្ពស់។ ក្នុងនោះ គណៈកម្មាធិការសេដ្ឋកិច្ចនិងធុរកិច្ចឌីជីថល ក៏ប្រមូលធាតុចូលល្អៗបន្ថែម ដែលអាចបន្តជាមូលដ្ឋានដល់ការរៀបចំសេចក្ដីព្រាងគោលនយោបាយអភិវឌ្ឍវិស័យបច្ចេកវិទ្យាហិរញ្ញវត្ថុកម្ពុជាឱ្យកាន់តែ គ្រប់ជ្រុងជ្រោយស្របតាមបរិបទក្នុងប្រទេស។