សិក្ខាសាលាស្តីពី តួនាទីវិស័យធានារ៉ាប់រង និងបច្ចេកវិទ្យាហិរញ្ញវត្ថុក្នុងសេដ្ឋកិច្ចឌីជីថលកម្ពុជា
រាជធានីភ្នំពេញ៖ នាថ្ងៃទី ១៥ ខែ មិថុនា ឆ្នាំ ២០២២ គណៈកម្មាធិការសេដ្ឋកិច្ច និង ធុរកិច្ចឌីថល, និយ័តករធានារ៉ាប់រងកម្ពុជា និងសមាគមធានារ៉ាប់រងកម្ពុជា បានសហការរៀបចំសិក្ខាសាលាស្ដីពី “តួនាទីនៃវិស័យធានារ៉ាប់រង និងបច្ចេកវិទ្យាហិរញ្ញវត្ថុក្នុងសេដ្ឋកិច្ចឌីជីថលកម្ពុជា” ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម រស់សីលវ៉ា រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ និងជាប្រធានក្រុមការងាររៀបចំសេចក្តីព្រាងគោលនយោបាយអភិវឌ្ឍវិស័យបច្ចេកវិទ្យាហិរញ្ញវត្ថុកម្ពុជាព្រមទាំងមានការចូលរួមពី ថ្នាក់ដឹកនាំ, មន្ត្រីរាជការ, និងតំណាងក្រុមហ៊ុនធានារ៉ាប់រង, ធនាគារ, គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ, និងស្ថាប័នឯកជន សរុបចំនួន ១២៤ រូប។
សិក្ខាសាលានេះ ត្រូវបានរៀបចំឡើងក្នុងគោលបំណង៤ សំខាន់ៗ (១) បន្តប្រមូលធាតុចូលល្អៗបន្ថែម និងជាក់លាក់លើវិស័យធានារ៉ាប់រង, (២) ផ្សព្វផ្សាយគោលនយោបាយ និងក្របខណ្ឌបទប្បញ្ញត្តិកម្ពុជាទាក់ទងនឹងឌីជីថលូបនីយកម្មក្នុងវិស័យធានារ៉ាប់រង, (៣) កំណត់និន្នាការបច្ចុប្បន្ន បញ្ហាប្រឈម និងកាលានុវត្តភាពក្នុងវិស័យធានារ៉ាប់រងនៅកម្ពុជា, និង (៤) កំណត់តួនាទីរបស់ថ្នាលឌីជីថលផ្លាស់ប្ដូរទិន្នន័យផ្សេងៗនៅកម្ពុជាសម្រាប់វិស័យធានារ៉ាប់រង។
នៅក្នុងឱកាសដ៏វិសេសវិសាលនោះ ឯកឧត្តម រស់សីលវ៉ា បានមានប្រសាសន៍ថា “ទោះបីជាវិស័យធានារ៉ាប់រងបាននឹងកំពុងរីកចម្រើន និងមានសក្ដានុពលយ៉ាងណាក្តី, បច្ចេកទេសវិទ្យាធានារ៉ាប់រងក្នុងប្រទេសកម្ពុជានៅមានភាពក្មេងខ្ចីនៅឡើយ និងកំពុងជួបប្រទះនូវបញ្ហាប្រឈមមួយចំនួនផងដែរ រួមមាន៖ កង្វះខាតនូវក្របខណ្ឌបទប្បញ្ញាត្តិក្នុងការគ្រប់គ្រងលើអាជីវកម្មធានារ៉ាប់រងបែបឌីជីថល កង្វះខាតនូវហេដ្ឋារចនាសម្ព័ន្ធគាំទ្រ ដូចជាបរិស្ថានសាកល្បង (regulatory sandbox) និងបណ្ដាញអ៉ីនធឺណិតនៅតំបន់ជនបទ កង្វះខាតនូវការគាំទ្រពីតួអង្គនានាក្នុងប្រព័ន្ធអេកូឡូស៊ី បច្ចេកវិទ្យាធានារ៉ាប់រង ទាំងវិស័យសាធារណៈ វិស័យឯកជន និងដៃគូអភិវឌ្ឍន៍ និងចំណេះដឹងផ្នែកហិរញ្ញវត្ថុ ក៏ដូចជាអក្ខរកម្មផ្នែកឌីជីថលរបស់ប្រជាជននៅមានកម្រិតទាបនៅឡើយ”។
ជាមួយគ្នានេះដែរ ឯកឧត្តម ប៊ូ ច័័ន្ទភីរូ អគ្គនាយកនៃនិយ័តករធានារ៉ាប់រងកម្ពុជា បានអញ្ជើញធ្វើសុន្ទរកថាបិទដែលបានគូររំលេចពីយន្តការបន្ត រួមមាន ការបន្តកិច្ចការស្រាវជ្រាវ និងកិច្ចសហការវាងដៃគូភាគីពាក់ព័ន្ធ។
ជាលទ្ធផល, សិក្ខាសាលានេះបានប្រព្រឹត្តទៅយ៉ាងរលូន បញ្ចប់ដោយភាពជោគជ័យ និងទទួលបានលទ្ធផលគាប់ប្រសើរដូចការរំពឹងទុក ដោយមានអន្តរសកម្ម និងការពិភាក្សាគ្នាយ៉ាងផុសផុលរវាងវាគ្មិន និងអ្នកចូលរួម ប្រកបដោយស្មារតីចែករំលែក និងយកចិត្តទុកដាក់ខ្ពស់។ តាមរយៈការពិភាក្សា, ការចែករំលែកទន្សនាទាន, គំនិតនវានុវត្តន៍ និងបទពិសោធជាក់ស្ដែងពីសំណាក់ភាគីពាក់ព័ន្ធសំខាន់ៗទាំងអស់, គណៈកម្មាធិការសេដ្ឋកិច្ចនិងធុរកិច្ចឌីជីថល ប្រមូលបាននូវធាតុចូលល្អៗ ជាច្រើន សម្រាប់ធ្វើជាមូលដ្ឋានក្នុងការ តាក់តែងសេចក្តីព្រាងគោលនយោបាយអភិវឌ្ឍវិស័យបច្ចេកវិទ្យាហិរញ្ញវត្ថុកម្ពុជា ប្រកបដោយប្រសិទ្ធភាព និងភាពគ្រប់ជ្រុងជ្រោយ។