ពិធីដាក់ដំណើរការជាផ្លូវការកម្មវិធីបណ្ដុះបណ្ដាលស្ដីពី "ការស្វែងរកទីផ្សារតាមប្រព័ន្ធផ្សព្វផ្សាយសង្គមសម្រាប់សហគ្រាសកម្ពុជា"

image
image

ពិធីដាក់ដំណើរការជាផ្លូវការកម្មវិធីបណ្ដុះបណ្ដាលស្ដីពី "ការស្វែងរកទីផ្សារតាមប្រព័ន្ធផ្សព្វផ្សាយសង្គមសម្រាប់សហគ្រាសកម្ពុជា"

ភ្នំពេញ៖ នារសៀលថ្ងៃទី ២៩ ខែ មីនា ឆ្នាំ ២០២៣ វេលាម៉ោង ២:០០ រសៀល ដល់ម៉ោង ៥:០០ រសៀល នៅសណ្ឋាគារ Oakwood Premier Phnom Penh គណៈកម្មាធិការសេដ្ឋកិច្ច និងធុរកិច្ចឌីជីថល, មជ្ឈមណ្ឌលបណ្ដុះធុរកិច្ចថ្មី “តេជោ” និងក្រុមហ៊ុន META បានសហការរៀបចំពិធីដាក់ដំណើរការជាផ្លូវការកម្មវិធីបណ្ដុះ-បណ្ដាលស្ដីពី “ការស្វែងរកទីផ្សារតាមប្រព័ន្ធផ្សព្វផ្សាយសង្គមសម្រាប់សហគ្រាសកម្ពុជា” ។ ពិធីនេះបានប្រព្រឹត្តទៅ ក្រោមអធិបតីភាពរបស់ ឯកឧត្តមបណ្ឌិត គង់ ម៉ារី អនុរដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាអគ្គលេខាធិការនៃអគ្គលេខាធិការដ្ឋានគណៈកម្មាធិការសេដ្ឋកិច្ច និងធុរកិច្ចឌីជីថល ដោយមានការចូលរួមពីតំណាងសមាគម, ស្ថាប័នពាក់ព័ន្ធ និងវិស័យឯកជន  សរុបប្រមាណ ១០០ នាក់។

កម្មវិធីបណ្ដុះបណ្ដាល “ការស្វែងរកទីផ្សារតាមប្រព័ន្ធផ្សព្វផ្សាយសង្គមសម្រាប់សហគ្រាសកម្ពុជា” គឺជាកម្មវិធីបណ្ដុះបណ្ដាលដែលមានរយៈពេល ៨ សប្ដាហ៍ ដែលត្រូវបានសហការរៀបចំឡើងដោយគណៈកម្មាធិការ សេដ្ឋកិច្ច និងធុរកិច្ចឌីជីថល, មជ្ឈមណ្ឌលបណ្ដុះធុរកិច្ចថ្មី “តេជោ” និងក្រុមហ៊ុន META។ វគ្គបណ្ដុះបណ្ដាលនេះ ត្រូវបានរៀបចំក្នុងគោលបំណងសំខាន់ៗ ចំនួន ៤៖ (១) បង្កើនការយល់ដឹងទូលំទូលាយពីការស្វែងរកទីផ្សារតាមប្រព័ន្ធផ្សព្វផ្សាយសង្គម និងតួនាទីរបស់វានៅក្នុងបរិយាកាសអាជីវកម្មនាពេលបច្ចុប្បន្ន, (២) បង្កើនជំនាញ និងចំណេះដឹងចាំបាច់ក្នុងការអភិវឌ្ឍ និងអនុវត្តយុទ្ធសាស្រ្តទីផ្សារប្រកបដោយប្រសិទ្ធភាពខ្ពស់, (៣) យល់ដឹងអំពីរបៀបបង្កើត និងរៀបចំមាតិកាដែលមានគុណភាពខ្ពស់ និងទាក់ទាញ ដែលស្របតាមគោលដៅប្រព័ន្ធផ្សព្វផ្សាយសង្គមរបស់ខ្លួន, និង (៤) យល់ដឹងអំពីរបៀបបង្កើត និងចូលរួមជាមួយសហគមន៍លើប្រព័ន្ធផ្សព្វផ្សាយសង្គម។ វគ្គបណ្តុះបណ្តាលនេះ នឹងរៀបចំឡើងចំនួន ២លើក ក្នុងឆ្នាំ ២០២៣ ដែលលើកទី១ គឺចាប់ពីថ្ងៃទី ២ ខែ ឧសភា ឆ្នាំ ២០២៣ ដល់ថ្ងៃទី ២៣ ខែ មិថុនា ឆ្នាំ ២០២៣ និងលើកទី២ គឺចាប់ពីថ្ងៃទី ១ ខែ សីហា ឆ្នាំ ២០២៣ ដល់ថ្ងៃទី ២២ ខែកញ្ញា ឆ្នាំ២០២៣ ដោយរំពឹងថានឹងផ្ដល់អត្ថប្រយោជន៍ ទៅដល់សហគ្រាសសរុបចំនួន ១០០ ក្នុងការ កសាងបណ្ដាញទំនាក់ទំនង និងការអភិវឌ្ឍចំណេះដឹង និងជំនាញទីផ្សារឌីជីថលនៅក្នុងសេដ្ឋកិច្ចឌីជីថលកម្ពុជា។

ពិធីដាក់ដំណើរការជាផ្លូវការនេះ ត្រូវបានចាប់ផ្ដើមដំណើរការដោយមតិស្វាគមន៍របស់ លោកបណ្ឌិត ហេង ភក្ដី អ្នកគ្រប់គ្រងគោលនយោបាយសាធារណៈនៃក្រុមហ៊ុន META និងសុន្ទរកថាបើករបស់ ឯកឧត្តមបណ្ឌិត គង់ ម៉ារី អនុរដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាអគ្គលេខាធិការនៃអគ្គលេខាធិការដ្ឋានគណៈកម្មាធិការសេដ្ឋកិច្ច និងធុរកិច្ចឌីជីថល។ ក្នុងការថ្លែងសុន្ទរកថាបើកនេះ ឯកឧត្តមបណ្ឌិត បានលើកឡើងពីសក្ដានុពល និងកាលានុវត្តភាពនៃការប្រើប្រាស់បច្ចេកវិទ្យាឌីជីថលក្នុងការបង្កើនផលិតភាព និងប្រសិទ្ធ-ភាពនៃការធ្វើប្រតិបត្តិការអាជីវកម្ម និងការពង្រីកទីផ្សារអាជីវកម្មក្នុងវិស័យសេដ្ឋកិច្ច និងធុរកិច្ចឌីជីថល សម្រាប់សហគ្រាសធុនមីក្រូ តូច និងមធ្យម។

ក្នុងដំណើរការនៃពិធីដាក់ដំណើរការនេះដែរ,  វាគ្មិនកិត្តិយស ដែលជាម្ចាស់សហគ្រាស និងអ្នកជំនាញ បានចូលរួមចែករំលែកនូវបទពិសោធន៍ជាក់ស្ដែងទាក់ទងទៅនឹងការអនុវត្តការស្វែងរកទីផ្សារតាមប្រព័ន្ធផ្សព្វផ្សាយ សង្គម ដើម្បីធ្វើប្រតិបត្តិការអាជីវកម្មប្រចាំថ្ងៃ ក៏ដូចជាការលើកឡើងនូវទស្សនៈមួយចំនួនលើសារៈសំខាន់នៃការធ្វើទីផ្សារបែបឌីជីថលសម្រាប់សហគ្រាសក្នុងយុគសម័យឌីជីថល។ ជាមួយគ្នានេះដែរ, ពិធីដាក់ដំណើរការនេះក៏មានការធ្វើបទបង្ហាញអំពីកម្មវិធីបណ្ដុះបណ្ដាល រួមមានទិដ្ឋភាពទូទៅនៃកម្មវិធី, ម៉ូឌែលវគ្គសិក្សា និងកាលវិភាគសិក្សា, អត្ថប្រយោជន៍, លក្ខន្តិកៈ និងតម្រូវការក្នុងការចូលរួមនៃកម្មវិធី អមជាមួយនឹងការសួរសំណួរជាច្រើនពីអ្នកចូលរួមរបស់យើងផងដែរ។

ជាកិច្ចបញ្ចប់, ឯកឧត្តមបណ្ឌិត ឈៀង វណ្ណមុនិណ្ឌ អគ្គលេខាធិការរងនៃអគ្គលេខាធិការដ្ឋាន   គណៈកម្មាធិការសេដ្ឋកិច្ច និងធុរកិច្ចឌីជីថល បានអញ្ជើញថ្លែងសុន្ទរកថាបិទដោយគូសរំលេចពីសារៈប្រយោជន៍មួយចំនួនរបស់វគ្គបណ្ដុះបណ្ដាល ក្នុងការបង្កើនសមត្ថភាព និងចំណេះដឹងផ្នែកការធ្វើទីផ្សារបែបឌីជីថល ដល់សហគ្រាសធុនមីក្រូ តូច និងមធ្យម ដើម្បីដំណើរការអាជីវកម្មប្រកបដោយភាពជោគជ័យ។ ឯកឧត្តមបណ្ឌិត ក៏បានលើកទឹកចិត្តសហគ្រាសទាំងអស់ចូលរួម និងផ្សព្វផ្សាយវគ្គបណ្ដុះបណ្ដាលនេះ ដើម្បីទទួលបាននូវព័ត៌មាន និងចំណេះដឹងបន្ថែមពីអ្នកជំនាញច្បាស់លាស់ ដើម្បីយកទៅអនុវត្ត និងដំណើរការអាជីវកម្មរបស់ខ្លួនកាន់តែប្រសើរ។

ពិធីដាក់ដំណើរការនេះបានប្រព្រឹត្តទៅយ៉ាងរលូន និងទទួលបានលទ្ធផលគាប់ប្រសើរដូចការរំពឹងទុកថែមទាំងទទួលបានធាតុចូលល្អៗជាច្រើន តាមរយៈការពិភាក្សា, ការចែករំលែកទស្សនាទាន, គំនិតនវានុវត្តន៍ និងបទពិសោធន៍ជាក់ស្តែងពីវាគ្មិនកិត្តិយស និងអ្នកចូលរួមទាំងអស់។

សូមចូលទៅកាន់ www.digitaleconomy.gov.kh/trainings/digital-marketing ដើម្បីស្វែងយល់បន្ថែមពីវគ្គបណ្ដុះបណ្ដាលខាងលើ និងធ្វើការចុះឈ្មោះ។ សម្រាប់ការស្រាយចម្ងល់ផ្សេងទៀត សូមផ្ញើសារមកកាន់ទំព័រហេ្វសប៊ុកផ្លូវការ

១. គណៈកម្មាធិការសេដ្ឋកិច្ច និង ធុរកិច្ចឌីជីថល - គសធឌ

(www.facebook.com/digitaleconomyandbusinesscommittee)

២. មជ្ឈមណ្ឌលបណ្តុះធុរកិច្ចថ្មី "តេជោ"

(www.facebook.com/Techo.Startup.Center)