កម្មវិធី Digi Connect "ជំរុញការចាប់យកដំណោះស្រាយឌីជីថលសម្រាប់ធុរកិច្ចនៅកម្ពុជា"
ភ្នំពេញ៖ នាព្រឹកថ្ងៃទី ៤ ខែ ធ្នូ ឆ្នាំ ២០២៤, គណៈកម្មាធិការសេដ្ឋកិច្ច និង ធុរកិច្ចឌីជីថល និង គាំទ្រដោយ សម្ព័ន្ធសមាគមសហគ្រាសធុនតូច និង មធ្យមកម្ពុជា, សមាគមសហគ្រិនវ័យក្មេងកម្ពុជា, និង សមាគមសហគ្រិនស្រ្តីកម្ពុជា បានរៀបចំកម្មវីធី Digi Connect “ការជំរុញការចាប់យកដំណោះស្រាយឌីជីថលសម្រាប់ធុរកិច្ចនៅកម្ពុជា” ក្រោមអធិបតីភាពរបស់ លោកជំទាវ ផល ម៉ារីណា អគ្គលេខាធិការរង នៃអគ្គលេខាធិការដ្ឋានគណៈកម្មាធិការសេដ្ឋកិច្ច និង ធុរកិច្ចឌីជីថល។ កម្មវិធី Digi Connect គឺជាសិក្ខាសាលា និង ការដាក់តាំងពិព័រណ៍ ដែលមានគោលបំណងជំរុញការលើកកម្ពស់ចំណេះដឹង នៃសារៈសំខាន់ក្នុងការចាប់យកដំណោះស្រាយឌីជីថល និង ការកសាងបណ្តាញទំនាក់ទំនង និង ការចូលរួមក្នុងប្រព័ន្ធអេកូឡូស៊ីធុរកិច្ចឌីជីថលនៅកម្ពុជា។ កម្មវិធីនេះមានអ្នកចូលរួមសរុបចំនួន ១២០ រូប មកពីតំណាងសមាគម ក្រុមហ៊ុន សហគ្រាស និង ស្ថាប័នពាក់ព័ន្ធ។