សិក្ខាសាលាផ្សព្វផ្សាយស្តីពី គោលនយោបាយអភិវឌ្ឍបច្ចេកវិទ្យាហិរញ្ញវត្ថុកម្ពុជា ២០២៣ - ២០២៨

image
image

សិក្ខាសាលាផ្សព្វផ្សាយស្តីពី គោលនយោបាយអភិវឌ្ឍបច្ចេកវិទ្យាហិរញ្ញវត្ថុកម្ពុជា ២០២៣ - ២០២៨

ភ្នំពេញ៖ នាព្រឹកថ្ងៃទី ៤ ខែ តុលា ឆ្នាំ ២០២៣ វេលាម៉ោង ៩:០០ នាទីព្រឹក ដល់ម៉ោង ១២:២០ នាទីរសៀល, គណៈកម្មាធិការសេដ្ឋកិច្ច និងធុរកិច្ចឌីជីថល នៃក្រុមប្រឹក្សាជាតិសេដ្ឋកិច្ច និងសង្គមឌីជីថលបានរៀបចំសិក្ខាសាលាផ្សព្វផ្សាយស្តីពី គោលនយោបាយអភិវឌ្ឍបច្ចេកវិទ្យាហិរញ្ញវត្ថុកម្ពុជា ២០២៣ - ២០២៨ នៅសណ្ឋាគារ ហៃយ៉ាត់ រីជិនស៊ី ភ្នំពេញ ត្រូវបានប្រារព្ធឡើង ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ និងជាប្រធានគណៈកម្មាធិការសេដ្ឋកិច្ច និងធុរកិច្ចឌីជីថល។ សិក្ខាសាលានេះមានការចូលរួមពីថ្នាក់​ដឹកនាំ និងមន្ត្រីជាន់ខ្ពស់របស់រាជរដ្ឋាភិបាលតំណាងក្រសួង ស្ថាប័ន និងនិយ័តករ, ស្ថានទូត, គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ, គ្រឹះស្ថានអប់រំ, ក្រុមហ៊ុនក្នុងវិស័យធានារ៉ាប់រង​, ក្រុមហ៊ុនឯកជនជាតិ និងអន្តរជាតិ និងសមាគមពាក់ព័ន្ធនានា សរុបចំនួន ២៣០ រូប។ សិក្ខាសាលានេះរៀបចំឡើងក្នុងគោលបំណងផ្សព្វផ្សាយគោលនយោបាយនេះឱ្យបានទូលំទូលាយក្នុងស្មារតីជំរុញការអនុវត្ត និងបន្តជំរុញការអភិវឌ្ឍបច្ចេកវិទ្យាហិរញ្ញវត្ថុនៅកម្ពុជា។

សិក្ខាសាលាផ្សព្វផ្សាយនេះត្រូវបានប្រារព្ធឡើង ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ និងជាប្រធានគណៈកម្មាធិការសេដ្ឋកិច្ច និងធុរកិច្ចឌីជីថល។ ក្នុងការថ្លែងសុន្ទរកថាបើកដំណើរការជាផ្លូវការនៃសិក្ខាសាលានេះ, ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ បានលើកឡើងពីសាវតារនៃការរៀបចំតាក់តែងគោលនយោបាយអភិវឌ្ឍបច្ចេកវិទ្យាហិរញ្ញវត្ថុកម្ពុជា។ ដោយមើលឃើញពីសក្តានុពលដ៏ធំធេងពីបច្ចេកវិទ្យាហិរញ្ញវត្ថុ, រាជរដ្ឋាភិបាលបានដាក់ចេញនូវ គោលនយោបាយអភិវឌ្ឍបច្ចេកវិទ្យាហិរញ្ញវត្ថុកម្ពុជា ២០២៣ - ២០២៨ ដែលមានចក្ខុវិស័យរយៈពេលវែងគឺ អភិវឌ្ឍបច្ចេកវិទ្យាហិរញ្ញវត្ថុ ដោយឈរលើមូលដ្ឋាននៃការលើកកម្ពស់បរិយាបន្នហិរញ្ញវត្ថុ, ការរក្សាស្ថិរភាពវិស័យហិរញ្ញវត្ថុ និងការជំរុញនវានុវត្តន៍ហិរញ្ញវត្ថុ ដើម្បីចាប់យកអត្ថប្រយោជន៍ជាអតិបរមា ពីបរិវត្តកម្មឌីជីថលក្នុងវិស័យហិរញ្ញវត្ថុ និងផ្តល់កាលានុវត្តភាពដល់គ្រប់តួអង្គ សំដៅរួមចំណែកជំរុញសម្ទុះនៃការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមឌីជីថលកម្ពុជាដ៏រស់រវើក ដោយឈរលើគោលការណ៍ធំៗ ចំនួន ៣ រួមមាន៖ (១) ការលើកកម្ពស់បរិយាបន្នហិរញ្ញវត្ថុ, (២) ការរក្សាស្ថិរភាពវិស័យហិរញ្ញវត្ថុ និង (៣) ការជំរុញនវានុវត្តន៍ហិរញ្ញវត្ថុ។

គោលនយោបាយនេះមានគោលដៅចម្បង​ចំនួន ៤ គឺ៖ (១) ការអភិវឌ្ឍបរិស្ថានគោល-នយោបាយអំណោយផល, (២) ការអភិវឌ្ឍថ្នាលឌីជីថលគ្រឹះ, (៣) ការជំរុញការប្រើប្រាស់ និងការអភិវឌ្ឍបច្ចេកវិទ្យាគាំទ្រ និង (៤) ការជំរុញការអភិវឌ្ឍ និងនវានុវត្តន៍សកម្មភាពបច្ចេកវិទ្យាហិរញ្ញវត្ថុ។ ដើម្បីឱ្យការអនុវត្តគោលនយោបាយនេះសម្រេចបានជោគជ័យ, វិធានការគោលនយោបាយសរុបចំនួន ៥២ ត្រូវបានដាក់ចេញ ដោយការអនុវត្តវិធានការគោលនយោបាយទាំងអស់នេះ ត្រូវគោរពតាមអភិក្រមចំនួន ៣ គឺ៖ ទី១) ការចាប់យក (Adoption), ទី២) ការកែសម្រប (Adaptation) និង ​ទី៣) ការធ្វើនវានុវត្តន៍បន្ថែម (Further Innovation)។ ទន្ទឹមនឹងនេះ គោលនយោបាយនេះនឹងត្រូវអនុវត្តដោយតួអង្គសំខាន់ចំនួន ២ គឺ ធនាគារជាតិនៃកម្ពុជា និងនិយ័តករក្រោមឱវាទអាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ និងក្រសួង ស្ថាប័នពាក់ព័ន្ធមួយចំនួន ដូចជាក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ និងក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ក្រោមការសម្របសម្រួល និងការដឹកនាំដោយគណៈកម្មាធិការសេដ្ឋកិច្ច និងធុរកិច្ចឌីជីថល។ ការអនុវត្តគោលនយោបាយនេះក៏ត​ម្រូវឱ្យមានការចូលរួមពីវិស័យឯកជនក្នុងវិស័យបច្ចេកវិទ្យាហិរញ្ញវត្ថុ ដើម្បីជួយជំរុញឱ្យការអនុវត្តគោលនយោបាយនេះបានលទ្ធផលដូចការរំពឹងទុក។ បន្ថែមលើនេះ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ បានផ្តល់អនុសាសន៍ និងការតម្រង់ទិសដល់ក្រសួង ស្ថាប័នទទួលបន្ទុកអនុវត្ត និងភាគីពាក់ព័ន្ធ ដើម្បីធ្វើឱ្យការអនុវត្តគោលនយោបាយនេះកាន់តែទទួលបានប្រសិទ្ធភាពខ្ពស់ ដែលមានជារួមគឺ ការបន្តចូលរួមអនុវត្តគោលនយោបាយឱ្យបានពេញលេញ តាមរយៈការរៀបចំផែនការសកម្មភាពការងារជាក់ស្តែងស្រាវជ្រាវដកស្រង់បទពិសោធន៍ និងរៀនសូត្រជាប់ជាប្រចាំ ព្រមទាំងបង្កើនកិច្ចសហការជិតស្និទ្ធ ប្រកបដោយស្មារតីបុរេសកម្ម, ភាពម្ចាស់ការ និងការទទួលខុសត្រូវខ្ពស់។

សិក្ខាសាលានេះបានប្រព្រឹត្តទៅយ៉ាងរលូន និងសម្រេចលទ្ធផលគាប់ប្រសើរដូចការរំពឹងទុក ដោយមានអន្តរសកម្មរវាងវាគ្មិន និងអ្នកចូលរួម ប្រកបដោយស្មារតីចែករំលែក និងយកចិត្តទុកដាក់ខ្ពស់។ តាមរយៈបទបង្ហាញ និងកិច្ចពិភាក្សា, គណៈកម្មាធិការសេដ្ឋកិច្ច និងធុរកិច្ចឌីជីថល និងក្រសួង ស្ថាប័នទទួលបន្ទុកអនុវត្តសង្ឃឹមយ៉ាងមុតមាំថា ការអនុវត្តគោលនយោបាយនេះ នឹងជួយពន្លឿនការអភិវឌ្ឍបច្ចេកវិទ្យាហិរញ្ញវត្ថុ ក៏ដូចជារួមចំណែកដល់ការ​អភិវឌ្ឍសេដ្ឋកិច្ច និងសង្គមឌីជីថលក្នុងប្រទេសកម្ពុជាផងដែរ។