កម្មវិធីកិច្ចពិភាក្សាតាមក្រុមស្ដីពី "ទស្សនៈ​របស់ភាគីពាក់ព័ន្ធលើសក្តានុពលរបស់ប្រទេស​កម្ពុជា​ក្នុង​ការចរចា​កិច្ចព្រមព្រៀងសេដ្ឋកិច្ចឌីជីថល"

image
image

កម្មវិធីកិច្ចពិភាក្សាតាមក្រុមស្ដីពី "ទស្សនៈ​របស់ភាគីពាក់ព័ន្ធលើសក្តានុពលរបស់ប្រទេស​កម្ពុជា​ក្នុង​ការចរចា​កិច្ចព្រមព្រៀងសេដ្ឋកិច្ចឌីជីថល"

ភ្នំពេញ៖ នារសៀលថ្ងៃទី ​​១០ ខែ សីហា ឆ្នំា ២០២៣ នៅ​សណ្ឋាគារ​អកវ៉ូតព្រីមៀរភ្នំពេញ (Oakwood Premier Phnom Penh) អគ្គ​លេខាធិការដ្ឋាននៃ​គណៈកម្មាធិការសេដ្ឋកិច្ចនិងធុរកិច្ចឌីជីថល (គ.ស.ធ.ឌ.)​ បានសម្របសម្រួល​​ និងរៀបចំកម្មវិធី​កិច្ចពិភាក្សាតាមក្រុម​អំពី​ "ទស្សនៈ​របស់ភាគីពាក់ព័ន្ធលើសក្តានុពលរបស់ប្រទេស​កម្ពុជា​ក្នុង​ការចរចា​កិច្ចព្រមព្រៀងសេដ្ឋកិច្ចឌីជីថល (Digital Economy Agreement)" ដើម្បីប្រមូលទិន្នន័យ និងវិភាគទៅលើភាពខ្លាំង ភាពខ្សោយ កាលានុវត្តភាព និងការគំរាមកំហែងទាក់ទងនឹងកិច្ចព្រមព្រៀងសេដ្ឋកិច្ចឌីជីថលនៅកម្ពុជា។

កិច្ចពិភាក្សានេះ បានរៀបចំឡើងក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ​ឯកឧត្តមបណ្ឌិត តាំង ងួនលី​ អគ្គលេខាធិការរងនៃអគ្គ​លេខាធិការដ្ឋាន​គណៈកម្មាធិការសេដ្ឋកិច្ចនិងធុរកិច្ចឌីជីថល តំណាងដ៏​ខ្ពង់ខ្ពស់ ឯកឧត្តមបណ្ឌិត គង់​ ម៉ារី ​អនុរដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច​ និង​ហិរញ្ញវត្ថុ និង​ជា​អគ្គលេខាធិការនៃអគ្គ​លេខាធិការដ្ឋាន​គណៈកម្មាធិការសេដ្ឋកិច្ចនិងធុរកិច្ចឌីជីថល។ កម្មវិធី​កិច្ចពិភាក្សានេះ មាន​ការ​អញ្ជើញ​ចូលរួម​ពី​សំណាក់ស្ថាប័ន​ពាក់ព័ន្ធ​រួមមាន​ តំណាងស្ថាប័ន ​សាធារណៈ ​វិស័យ​ឯកជន ដៃគូអភិវឌ្ឍ សមាគម​ពាណិជ្ជកម្ម និង​ស្ថាប័ន​ស្រាវជ្រាវប្រមាណ​​ ៥០​នាក់។

ការ​រៀបចំកម្មវិធី​កិច្ច​ពិភាក្សា​តាមក្រុម​នេះ គឺ​ជា​ផ្នែក​មួយ​នៃការ​ប្រមូល​ទិន្នន័យ​​របស់​​ការ​សិក្សា​ស្រាវជ្រាវរបស់អគ្គ​លេខាធិការដ្ឋាន​គណៈកម្មាធិការសេដ្ឋកិច្ចនិងធុរកិច្ចឌីជីថល ទៅលើ​ការ​វិភាគ​ភាព​ខ្លាំង ភាព​ខ្សោយ​ កាលានុវត្តភាព និង​ការ​គំរាមកំហែង​សម្រាប់​កម្ពុជា ក្នុង​​ការ​ត្រៀមខ្លួនចូលរួមក្នុងកិច្ច​​​ចរចា​ ក៏ដូចជាការ​រៀបចំ​កិច្ចសហប្រតិបត្តិការ​​សេដ្ឋកិច្ច​ឌីជីថលនា​ពេល​អនាគត។ 

​កម្មវិធី​​កិច្ច​ពិភាក្សា​តាមក្រុម​នេះ បាន​ជជែក​ពិភាក្សា​លើ​ប្រធានបទ​ចំនួន​ ៤​​ ធំៗ រួមមាន ទី១. ​ពាណិជ្ជកម្ម​ឌីជីថល​ និង​ពាណិជ្ជកម្ម​តាម​ប្រព័ន្ធ​អេឡិចត្រូនិក​ឆ្លង​កាត់​ព្រំដែន​ (Digital trade and Cross-border E-commerce) ទី២. ការ​ការពារ​ទិន្នន័យ​ ​ឯកជន​ភាព សុវត្ថិភាព​តាម​ប្រព័ន្ធ​អនឡាញ និង​ សន្តិសុខ​សាយប័រ​ (Data protection and privacy, Online safety and cybersecurity) ទី៣.​ បម្លាស់ទីរបស់​អ្នកមានទេពកោសល្យ​ឌីជីថល និង​ កិច្ច​សហប្រតិបត្តិការ (Talent mobility and cooperation) និង​​ទី៤. កិច្ចសហប្រតិបត្តិការ​លើ​ប្រធានបទ​ថ្មី​ៗ (Cooperation on emerging topics)។

ឯកឧត្តមបណ្ឌិត តាំង ងួនលី បាន​ថ្លែង​សុន្ទរកថា​បើក​កម្មវិធី​ដោយ​បាន​លើកឡើងពី​និន្នាការ​វិវត្ត​នៃ​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច​ឌីជីថល​ក្នុង​តំបន់ និង​សកលលោក រួម​ទាំ​ងការ​កើន​ឡើង​នៃ​​ការ​​រៀបចំ​កិច្ច​​ព្រមព្រៀង​​​សេដ្ឋកិច្ច​​ឌីជីថលដែល​មាន​ជា​ធរមាន។​​​ ក្នុង​នោះ ​ឯកឧត្តមបណ្ឌិត ក៏​បាន​បញ្ជាក់អំពីការ​យក​ចិត្ត​ទុក​ដាក់ និងផ្តល់​អាទិភាព​ខ្ពស់របស់​រាជរដ្ឋាភិបាល​​លើ​ការ​​អភិវឌ្ឍ​វិស័យ​ឌីជីថល​នេះ តាម​រយៈ​ការ​ដាក់​ចេញគោលនយោបាយ​ឌីជីថល​ចម្បងៗ ជា​អាទិ៍​​ ក្របខណ្ឌគោលនយោបាយសេដ្ឋកិច្ច និង​សង្គម​ឌីជីថល​កម្ពុជា ២០២១-២០៣៥, គោលនយោបាយ​រដ្ឋាភិបាល​ឌីជីថល​ ២០២២-២០៣៥, ការ​ដាក់​ចេញ​សេចក្តី​សម្រេចរបស់​​រាជរដ្ឋាភិបាល​លេខ ៥១ សសរ នៅ​ថ្ងៃ​ទី​ ១១ ខែ​ កក្កដា​ ឆ្នាំ​ ២០២៣ ក្នុងការបង្កើតក្រុមការងារបច្ចេកទេសជំរុញ និង​គាំទ្រ​សេដ្ឋកិច្ច​ឌីជីថល និងរៀបចំកិច្ចព្រមព្រៀងសេដ្ឋកិច្ចឌីជីថល​ ចំនួន ១៣​ ក្រុម ដែល​មាន​សមាសភាព​មកពី​អន្តរ​ក្រសួង​ ស្ថាប័ន ក៏ដូច​ជា​ការ​កំណត់​អាទិភាព​នៃ​ការ​អភិវឌ្ឍ​វិស័យ​​ឌីជីថល​​នៅ​​ក្នុង​យុទ្ធសាស្ត្រ​បញ្ចកោណ ​ដំណាក់​កាល​ទី​១ របស់​រាជរដ្ឋាភិបាល​ក្នុង​នីតិកាល​ទី៧ នៃរដ្ឋសភា​ផងដែរ។

ជាមួយ​នឹង​​សមាស​ភាព​ចម្រុះ​ពី​តំណាង​ស្ថាប័ន​សាធារណៈ វិស័យ​ឯកជន ស្ថាប័ន​ស្រាវជ្រាវ និង​សមាគម​ពាណិជ្ជកម្ម​ ក្រុម​នីមួយៗ​បាន​ពិភាក្សា​លើ​ស្ថានភាព​បច្ចុប្បន្ន​នៃ​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច​ឌីជីថល​ ការ​គំរាម​កំហែង​ និង​កាលានុវត្តភាព​ រួម​ទាំង​ការ​ត្រៀមខ្លួនរបស់​កម្ពុជាក្នុង​ការ​​ចូលរួមចរចា​កិច្ច​សហប្រតិបត្តិការ​សេដ្ឋកិច្ច​ឌីជីថល​​​ ជាពិសេស​កិច្ច​ព្រមព្រៀង​សេដ្ឋកិច្ច​​​ឌីជីថល​ក្របខណ្ឌ​អាស៊ាន​ ដែល​​គ្រោង​នឹង​ចាប់​ផ្តើម​ចរចា​ក្នុង​ឆ្នាំ ​២០២៥ ​ខាងមុខនេះ។ ​

ជាកិច្ចបញ្ចប់ ក្រុម​ការងារនៃអគ្គ​លេខាធិការដ្ឋាននៃ​គណៈកម្មាធិការសេដ្ឋកិច្ចនិងធុរកិច្ចឌីជីថល បាន​លើក​ទឹកចិត្ត​ដល់​អ្នកជំនាញ និងស្ថាប័នភាគី​ពាក់ព័ន្ធ​ទាំងអស់​ បន្ត​ការ​ចូលរួម​ និង​​ផ្តល់​កិច្ច​សហការ​ ដើម្បីរួមចំណែក​រៀបចំ​របាយការណ៍​សិក្សា​ និង​បម្រើ​ជា​មូលដ្ឋានក្នុង​ការ​កំណត់​ជំហរ​របស់​ប្រទេស​កម្ពុជា សម្រាប់ត្រៀមខ្លួន​​ធ្វើ​កិច្ច​សហប្រតិបត្តិការ​ក្នុង​ការចូលរួម​រៀបចំ​កិច្ច​ព្រមព្រៀង​សេដ្ឋកិច្ច​ឌីជីថល​ដ៏​មាន​សារសំខាន់នេះ​នា​នៅ​ថ្ងៃ​ខាង​មុខ​ ដោយចូលរួមផ្ញើ​​​ធាតុ​ចូលបន្ថែម​ តាម​រយៈ​សារអេឡិចត្រូនិក​ digitaleconomy@mef.gov.kh ​ 

ជាលទ្ធផល ដំណើរការនៃកម្មវិធីកិច្ច​ពិភាក្សា​តាមក្រុម​​ប្រព្រឹត្តទៅ​​ដោយរលូន​ និង សម្រេចបានលទ្ធផលជាទីគាប់ប្រសើរតាមការំពឹងទុកថែមទាំងទទួលបានធាតុចូលជាច្រើនតាមរយៈ​ការ​ចូលរួមពិភាក្សា​យ៉ាង​សកម្ម​ពី​ភាគី​ពាក់ព័ន្ធ​ និងអ្នកចូលរួម។​