ពិធីប្រគល់វិញ្ញាបនបត្រកម្មវិធីបណ្ដុះបណ្ដាលស្ដីពី "ការស្វែងរកទីផ្សារតាមប្រព័ន្ធផ្សព្វផ្សាយសង្គមសម្រាប់សហគ្រាសកម្ពុជា"

image
image

ពិធីប្រគល់វិញ្ញាបនបត្រកម្មវិធីបណ្ដុះបណ្ដាលស្ដីពី "ការស្វែងរកទីផ្សារតាមប្រព័ន្ធផ្សព្វផ្សាយសង្គមសម្រាប់សហគ្រាសកម្ពុជា"

ភ្នំពេញ៖ នារសៀលថ្ងៃទី ២៣ ខែ មិថុនា ឆ្នាំ ២០២៣ វេលាម៉ោង ២:០០ រសៀល ដល់ម៉ោង ៥:០០ រសៀល នៅអគារមជ្ឈមណ្ឌលអភិវឌ្ឍធុរកិច្ច, គណៈកម្មាធិការសេដ្ឋកិច្ច និងធុរកិច្ចឌីជីថល, មជ្ឈមណ្ឌលបណ្ដុះធុរកិច្ចថ្មី “តេជោ” និងក្រុមហ៊ុន META បានសហការរៀបចំពិធីប្រគល់វិញ្ញាបនបត្រ កម្មវិធីបណ្ដុះបណ្ដាលស្ដីពី “ការស្វែងរកទីផ្សារតាមប្រព័ន្ធផ្សព្វផ្សាយសង្គមសម្រាប់សហគ្រាសកម្ពុជា” រដូវកាលទី១។ ពិធីនេះបានប្រព្រឹត្តទៅក្រោមអធិបតីភាពរបស់ ឯកឧត្តមបណ្ឌិត ឈៀង វណ្ណមុនិណ្ឌ អគ្គលេខាធិការរងនៃអគ្គលេខាធិការដ្ឋានគណៈ-កម្មាធិការសេដ្ឋកិច្ច និងធុរកិច្ចឌីជីថល, លោកបណ្ឌិត ហេង ភក្ដី អ្នកគ្រប់គ្រងគោលនយោបាយសាធារណៈនៃក្រុមហ៊ុនMETA និងមានការចូលរួមពីសិក្ខាកាម គ្រូបណ្ដុះបណ្ដាល និងភ្ញៀវកិត្តិយសជាច្រើនទៀត។

កម្មវិធីបណ្ដុះបណ្ដាលស្ដីពី “ការស្វែងរកទីផ្សារតាមប្រព័ន្ធផ្សព្វផ្សាយសង្គមសម្រាប់សហគ្រាសកម្ពុជា” បានទទួលបេក្ខជនដាក់ស្នើពាក្យចូលរួម សរុបប្រមាណ ៦០០ នាក់។ បន្ទាប់ពីការសម្រិតសម្រាំង, បេក្ខជន ៥០នាក់ ត្រូវបានជ្រើសរើសចូលរួមវគ្គបណ្ដុះបណ្ដាល នៅក្នុងរដូវកាលទី១នេះ។ វគ្គបណ្ដុះបណ្ដាល ៨សប្ដាហ៍ គឺត្រូវបានប្រព្រឹត្តទៅក្រោមទម្រង់ជាការសិក្សាអនឡាញ និងការសិក្សាក្នុងថ្នាក់រៀន ដែលក្នុងសប្ដាហ៍នីមួយៗ សិក្ខាកាមបានទទួលនូវការបង្រៀន និងពន្យល់យ៉ាងក្បោះក្បាយលើប្រធានបទល្អៗ ជាច្រើនពីសំណាក់គ្រូបណ្ដុះបណ្ដាលជំនាញ ទាំង ៣រូប រួមមាន៖ កញ្ញា គង់ សុវណ្ណ, លោក សូ វណ្ណដាវីដ, និងលោក សួង សំរិត ដែលជាអ្នកគ្រប់គ្រងដំណោះស្រាយអតិថិជននៃក្រុមហ៊ុន Httpool។

ពិធីប្រគល់វិញ្ញាបនបត្រនេះបានប្រកាសបើកដំណើរការដោយ ឯកឧត្តមបណ្ឌិត ឈៀង វណ្ណមុនិណ្ឌ អគ្គលេខាធិការរងនៃអគ្គលេខាធិការដ្ឋានគណៈកម្មាធិការសេដ្ឋកិច្ច និងធុរកិច្ចឌីជីថល។ ក្នុងការថ្លែងសុន្ទរកថាបើក, ឯកឧត្តមបណ្ឌិត បានលើកឡើងថា“កម្មវិធីបណ្ដុះបណ្ដាលនេះ បានប្រព្រឹត្តទៅដោយរលូន និង ទទួលលទ្ធផលដូចការរំពឹងទុក ដែលក្នុងនោះ ម្ចាស់ និង អ្នកគ្រប់គ្រងសហគ្រាសបានចាប់យកចំណេះដឹងសំខាន់ៗ , គំនិតនវានុវត្តន៍ និង បទពិសោធន៍ជាក់ស្ដែងបន្ថែមពីសំណាក់អ្នកជំនាញផ្នែកទីផ្សារឌីជីថល។ អ្វីដែលទទួលបានពីវគ្គបណ្ដុះបណ្ដាលនេះនឹងផ្ដល់ជាគុណប្រយោជន៍ដល់សហគ្រាសក្នុងការអនុវត្តកិច្ចដំណើរការអាជីវកម្មរបស់ខ្លួន ក៏ដូចជា ការចូលរួមចំណែកយ៉ាងសំខាន់ ក្នុងការអភិវឌ្ឍវិស័យសេដ្ឋកិច្ច និងធុរកិច្ចឌីជីថលនៅកម្ពុជាផងដែរ។”  

ក្នុងដំណើរការនៃកម្មវិធីនេះដែរ, លោកបណ្ឌិត ហេង ភក្ដី អ្នកគ្រប់គ្រងគោលនយោបាយសាធារណៈនៃក្រុមហ៊ុន META បានថ្លែងមតិស្វាគមន៍ដោយគូសរំលេចពីសារៈសំខាន់នៃការបង្កើនជំនាញ និងចំណេះដឹងឌីជីថលសម្រាប់សគ្រាសកម្ពុជានៅក្នុងយុគ្គសម័យបច្ចេកវិទ្យាឌីជីថល។ លោកបណ្ឌិត ក៏បន្តផ្ដល់ជាសំណូមពរ និងលើកទឹកចិត្តដល់សិក្ខាកាម ក្នុងការបន្តចាប់យក និងបំពាក់បំប៉នជំនាញ និង ចំណេះដឹងទីផ្សារឌីជីថលបន្ថែមតាមរយៈវគ្គបណ្ដុះបណ្ដាលផ្សេងៗទៀត ដើម្បីយកទៅពង្រីក និងប្រតិបត្តិដំណើរការអាជីវកម្មរបស់ខ្លួនឱ្យកាន់តែប្រសើរឡើង។ 

ជាមួយគ្នានេះដែរ, វាគ្មិនកិត្តិយសដែលជាសិក្ខាកាម និង គ្រូបណ្ដុះបណ្ដាលក៏បានចូលរួមចែករំលែកបទពិសោធន៍ និង មតិចំណាប់អារម្មណ៍របស់ខ្លួនលើកម្មវិធីបណ្ដុះបណ្ដាលរដូវកាលទី១នេះ អម ជាមួយការធ្វើបទបង្ហាញពីលទ្ធផលសម្រេចនៃវគ្គបណ្ដុះបណ្ដាលរដូវកាលទី១ និងការណែនាំបន្ថែមអំពីការប្រព្រឹត្តទៅ កម្មវិធីបណ្ដុះបណ្ដាលស្ដីពី “ការស្វែងរកទីផ្សារតាមប្រព័ន្ធផ្សព្វផ្សាយសង្គមសម្រាប់សហគ្រាសកម្ពុជា” រដូវកាលទី២ ដែលនឹងបើកដំណើរការទទួលពាក្យនាថ្ងៃទី ០១ ខែ កក្កដា ឆ្នាំ ២០២៣ ខាងមុខនេះ។ 

ពិធីប្រគល់វិញ្ញាបនបត្រនេះ បានប្រព្រឹត្តទៅដោយរលូន និងទទួលបានលទ្ធផលគាប់ប្រសើរដូចការរំពឹងទុកថែមទាំងទទួលបានធាតុចូលល្អៗជាច្រើន តាមរយៈការចែករំលែកទស្សនាទាន, គំនិតនវានុវត្តន៍ និងបទពិសោធន៍ជាក់ស្តែងពីវាគ្មិនកិត្តិយស និងអ្នកចូលរួមទាំងអស់។

សូមចូលទៅកាន់គេហទំព័រwww.digitaleconomy.gov.kh/trainings/digital-marketing ដើម្បី ស្វែងយល់បន្ថែមពីវគ្គបណ្ដុះបណ្ដាលរដូវកាលទី២ និងធ្វើការចុះឈ្មោះ។ សម្រាប់ការស្រាយចម្ងល់ផ្សេងទៀត សូមផ្ញើសារមកកាន់ទំព័រហេ្វសប៊ុកផ្លូវការ

១. គណៈកម្មាធិការសេដ្ឋកិច្ច និង ធុរកិច្ចឌីជីថល - គសធឌ (www.facebook.com/digitaleconomyandbusinesscommittee)

២. មជ្ឈមណ្ឌលបណ្តុះធុរកិច្ចថ្មី "តេជោ" (www.facebook.com/Techo.Startup.Center) ។