ពិធីប្រគល់វិញ្ញាបនបត្រកម្មវិធីបណ្ដុះបណ្ដាលស្ដីពី "ការស្វែងរកទីផ្សារតាមប្រព័ន្ធផ្សព្វផ្សាយសង្គមសម្រាប់សហគ្រាសកម្ពុជា" រដូវកាលទី២
ភ្នំពេញ៖ នារសៀលថ្ងៃទី ២០ ខែ ធ្នូ ឆ្នាំ ២០២៣ វេលាម៉ោង ២:០០ រសៀល ដល់ម៉ោង ៤:០០ រសៀល នៅអគារមជ្ឈមណ្ឌលអភិវឌ្ឍធុរកិច្ច, គណៈកម្មាធិការសេដ្ឋកិច្ចនិងធុរកិច្ចឌីជីថល (គ.ស.ធ.ឌ.) បានសហការជាមួយមជ្ឈមណ្ឌលបណ្ដុះធុរកិច្ចថ្មី “តេជោ”, ក្រុមហ៊ុន META និងគាំទ្រដោយ ក្រុមហ៊ុន Aleph បានរៀបចំ ពិធីប្រគល់វិញ្ញាបនបត្រនៃកម្មវិធីបណ្ដុះបណ្ដាលស្ដីពី “ការស្វែងរកទីផ្សារតាមប្រព័ន្ធផ្សព្វផ្សាយសង្គមសម្រាប់សហគ្រាសកម្ពុជា” រដូវកាលទី២។ ពិធីនេះបានប្រព្រឹត្តទៅក្រោមអធិបតីភាពរបស់ ឯកឧត្តមបណ្ឌិត តាំង ងួនលី នាយកនៃមជ្ឈមណ្ឌលបណ្ដុះធុរកិច្ចថ្មី “តេជោ” និងជាអគ្គលេខាធិការរងនៃអគ្គលេខាធិការដ្ឋានគណៈកម្មាធិការសេដ្ឋកិច្ចនិងធុរកិច្ចឌីជីថល, លោកបណ្ឌិត ហេង ភក្ដី អ្នកគ្រប់គ្រងគោលនយោបាយសាធារណៈនៃក្រុមហ៊ុន META និង លោក ហែម សុបញ្ញា នាយកគ្រប់គ្រងក្រុមហ៊ុន Aleph នៅកម្ពុជា អមជាមួយការចូលរួមពីសំណាក់ គ្រូបណ្ដុះបណ្ដាល សិក្ខាកាម និងភ្ញៀវកិត្តិយសជាច្រើនទៀត។
កម្មវិធីបណ្ដុះបណ្ដាលស្ដីពី “ការស្វែងរកទីផ្សារតាមប្រព័ន្ធផ្សព្វផ្សាយសង្គមសម្រាប់សហគ្រាសកម្ពុជា” មានរយៈពេល៨សប្ដាហ៍ ដែលត្រូវបានរៀបចំឡើងក្នុងគោលបំណងលើកកម្ពស់ការយល់ដឹង និងការប្រើប្រាស់ បច្ចេកវិទ្យាឌីជីថល ជាពិសេសការធ្វើទីផ្សារលើប្រព័ន្ធផ្សព្វផ្សាយសង្គមក្នុងចំណោមសហគ្រាស និងអាជីវកម្មនានានៅកម្ពុជា។ កម្មវិធីបណ្ដុះបណ្ដាលនេះ ត្រូវបានរៀបចំឡើងចំនួន ២លើក ក្នុងឆ្នាំ២០២៣ ដែលមានចំនួនសិក្ខាកាមចូលរួមសរុបគឺ ១០០នាក់។
ជាលទ្ធផល កម្មវិធីបណ្ដុះបណ្ដាលនេះ បានប្រព្រឹត្តទៅដោយរលូន និងទទួលបានលទ្ធផលគាប់ប្រសើរដូចការរំពឹងទុកថែមទាំងទទួលបានធាតុចូលល្អៗជាច្រើន តាមរយៈការចែករំលែកទស្សនទាន, គំនិត នវានុវត្តន៍ និងបទពិសោធន៍ជាក់ស្តែង ពីសំណាក់វាគ្មិនកិត្តិយស និងអ្នកចូលរួមទាំងអស់។