អនុស្សរណៈនៃការយោគយល់ស្តីពី “ការជំរុញការចាប់យកឌីជីថលរបស់ធុរកិច្ចនៅកម្ពុជា”
នាព្រឹកថ្ងៃ ពុធ ទី ២៦ ខែ មីនា ឆ្នាំ ២០២៥, នៅទីស្តីការក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ ឯកឧត្តមបណ្ឌិត គង់ ម៉ារី រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ និងជាអគ្គលេខាធិការនៃអគ្គលេខាធិការដ្ឋានគណៈកម្មាធិការសេដ្ឋកិច្ច និង ធុរកិច្ចឌីជីថល (គ.ស.ធ.ឌ.), ឧកញ៉ា តែ តាំងប៉ ប្រធានសម្ព័ន្ធសមាគមសហគ្រាសធុនតូច និង មធ្យមកម្ពុជា, លោកជំទាវ ចាន់ ភារី ប្រធានសមាគមសហគ្រិនស្ត្រីកម្ពុជា, និងឧកញ៉ា ប៉ិច បូឡែន ប្រធានសមាគមសហគ្រិនវ័យក្មេងកម្ពុជា បានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់ស្តីពី “ការជំរុញការចាប់យកឌីជីថលរបស់ធុរកិច្ចនៅកម្ពុជា” ដោយមានការអញ្ជើញចូលរួមពីតំណាងក្រសួង តំណាងសមាគម និង ដៃគូអភិវឌ្ឍនានា សរុបប្រមាណ ៥០ រូប។ អនុស្សរណៈនៃការយោគយល់នេះ ត្រូវបានរៀបចំឡើងក្នុងគោលបំណងជំរុញកិច្ចសហប្រតិបត្តិការ រវាងរដ្ឋាភិបាល និង វិស័យឯកជន ដើម្បីពង្រីកវិសាលភាពនៃការផ្សព្វផ្សាយចំណេះដឹង និង ជំនាញបច្ចេកវិទ្យាថ្មីៗដល់ធុរជន ម្ចាស់អាជីវកម្ម និង សហគ្រាសនៅកម្ពុជា សំដៅកសាងប្រព័ន្ធអេកូឡូស៊ីធុរកិច្ចឌីជីថលនៅកម្ពុជា ឱ្យកាន់តែមានភាពរស់រវើក។