សិក្ខាសាលាបណ្តុះបណ្តាល និង ការដាក់ដំណើរការជាផ្លូវការស្ដីពី ផតថលតាមដាន និង វាយតម្លៃនៃសេដ្ឋកិច្ច និងធុរកិច្ចឌីជីថលកម្ពុជា

image
image

សិក្ខាសាលាបណ្តុះបណ្តាល និង ការដាក់ដំណើរការជាផ្លូវការស្ដីពី ផតថលតាមដាន និង វាយតម្លៃនៃសេដ្ឋកិច្ច និងធុរកិច្ចឌីជីថលកម្ពុជា

ភ្នំពេញ៖ នាថ្ងៃទី ២០ ខែ តុលា ឆ្នាំ ២០២៣ វេលាម៉ោង ៨:៣០ នាទីព្រឹក ដល់ម៉ោង ១២:00 នាទីរសៀល, គណៈកម្មាធិការសេដ្ឋកិច្ច និង ធុរកិច្ចឌីជីថល (គ.ស.ធ.ឌ.) បានរៀបចំ “កម្មវិធីបណ្តុះបណ្តាល និង ការដាក់ដំណើរការជាផ្លូវការនៃផតថលតាមដាន និង វាយតម្លៃនៃសេដ្ឋកិច្ច និងធុរកិច្ចឌីជីថលកម្ពុជា” ក្រោមការដឹកនាំ និងសម្របសម្រួលរបស់ ឯកឧត្តមបណ្ឌិត ឈៀង វណ្ណមុនិណ្ឌ អគ្គលេខាធិការរងនៃអគ្គលេខាធិការដ្ឋាន គ.ស.ធ.ឌ. នៅសណ្ឋាគារអូកវូដ ព្រេមៀ ភ្នំពេញ។ កម្មវិធីនេះ មានការចូលរួមពីសំណាក់ថ្នាក់ដឹកនាំ និងមន្ត្រីផ្នែកបច្ចេកទេសមកពីតំណាងក្រសួង-ស្ថាប័នពាក់ព័ន្ធសរុបចំនួន ៩៦ រូប។ កម្មវិធីនេះ ត្រូវបានរៀបចំឡើងក្នុងគោលបំណងសំខាន់ៗ ចំនួន ២ គឺ៖ (១)-ការដាក់ប្រកាសឱ្យប្រើប្រាស់ជាផ្លូវការនូវផតថលតាមដាន និងវាយតម្លៃនៃសេដ្ឋកិច្ច និងធុរកិច្ចឌីជីថលកម្ពុជា និង (២)-ការណែនាំពីរបៀបប្រើប្រាស់រួមមាន៖ ការបញ្ចូលទិន្នន័យ និង របាយការណ៍របស់ក្រសួង-ស្ថាប័នទទួលបន្ទុកអនុវត្តក្នុងក្របខណ្ឌតាមដាន និងវាយតម្លៃនៃសេដ្ឋកិច្ច និងធុរកិច្ចឌីជីថលកម្ពុជា និង ផែនការសកម្មភាព ៣ ឆ្នាំរំកិល ២០២៣-២០២៥  របស់ គ.ស.ធ.ឌ.។

 

កម្មវិធីនេះ បានចាប់ផ្តើមដំណើរការដោយការថ្លែងសុន្ទរកថាគន្លឹះពីសំណាក់ ឯកឧត្តមបណ្ឌិត តាំង ងួនលី អគ្គលេខាធិការរងនៃអគ្គលេខាធិការដ្ឋាន គ.ស.ធ.ឌ. ដោយផ្តោតសំខាន់ទៅលើ ក្របខណ្ឌគោលនយោបាយសេដ្ឋកិច្ច និង សង្គមឌីជីថលកម្ពុជា ២០២១-២០៣៥ និង ផែនការសកម្មភាព ៣ ឆ្នាំរំកិល ២០២៣-២០២៥  របស់ គ.ស.ធ.ឌ.។ ជាកិច្ចបន្ទាប់, ឯកឧត្តមបណ្ឌិត ឈៀង វណ្ណមុនិណ្ឌ បានថ្លែងសុន្ទរកថាស្វាគមន៍ ដោយបានគូសរំលេចថា ផតថលតាមដាន និងវាយតម្លៃនៃសេដ្ឋកិច្ច និង ធុរកិច្ចឌីជីថលកម្ពុជាដំណាក់កាលទី ១ នាពេលនេះ គឺជាសមិទ្ធផលថ្មីមួយទៀតរបស់ គ.ស.ធ.ឌ. ដែលសមិទ្ធផលនេះនឹងចូលរួមចំណែក ជាផ្នែកមួយជំរុញដល់ការអនុវត្ត ក្របខណ្ឌគោលនយោបាយសេដ្ឋកិច្ច និង សង្គមឌីជីថលកម្ពុជា ២០២១-២០៣៥ និង ជំរុញប្រសិទ្ធភាពដល់ការងារតាមដាន និងវាយតម្លៃរវាងក្រសួង-ស្ថាប័នពាក់ព័ន្ធជាមួយនឹងគណៈកម្មាធិការសេដ្ឋកិច្ច និងធុរកិច្ចឌីជីថល។ ទន្ទឹមនឹងនេះ ឯកឧត្តមបណ្ឌិត ក៏បានគូសបញ្ជក់ថា ការរៀបចំកម្មវិធីនេះ ជាផ្នែកមួយនៃការផ្សព្វផ្សាយ និងប្រកាសឱ្យប្រើប្រាស់ជាផ្លូវការ ក៏ដូចជាការណែនាំពីរបៀបនៃការប្រើប្រាស់ និងវិធីសាស្រ្តនៃការបញ្ចូលទិន្នន័យ និង របាយការណ៍ទៅក្នុងផតថលតាមដាន និងវាយតម្លៃនៃសេដ្ឋកិច្ច និង ធុរកិច្ចឌីជីថលកម្ពុជាផងដែរ។ ក្នុងន័យនេះ គឺសំដៅដល់ភាពរួចរាល់សម្រាប់ការចាប់ផ្តើមប្រមូលទិន្នន័យ និង របាយការណ៍ពីក្រសួង-ស្ថាប័នពាក់ព័ន្ធបន្ទាប់ពីកម្មវិធីនេះត្រូវបានបញ្ចប់។

បន្ថែមលើនេះ ឯកឧត្តមបណ្ឌិត ឈៀង វណ្ណមុនិណ្ឌ បានផ្តល់ជាអនុសាសន៍ និងការតម្រង់ទិសដល់ក្រសួង-ស្ថាប័នទទួលបន្ទុកអនុវត្ត ដើម្បីធ្វើឱ្យការអនុវត្តក្របខណ្ឌគោលនយោបាយសេដ្ឋកិច្ច និង សង្គមឌីជីថលកម្ពុជា ២០២១-២០៣៥ កាន់តែទទួលបានប្រសិទ្ធភាពខ្ពស់ ដែលមានជារួមគឺ ការបន្តចូលរួមអនុវត្តផែនការសកម្មភាព ៣ ឆ្នាំរំកិល ២០២៣-២០២៥ របស់ គ.ស.ធ.ឌ. និង ការសហការក្នុងការផ្តល់ទិន្នន័យ និង របាយការណ៍ឱ្យស្របតាមផែនការសកម្មភាព និង ក្របខណ្ឌពេលវេលាដែលបានកំណត់។ 

កម្មវិធីបណ្តុះបណ្តាល និង ការដាក់ដំណើរការជាផ្លូវការនេះបានប្រព្រឹត្តទៅយ៉ាងរលូន និងសម្រេចបានលទ្ធផលគាប់ប្រសើរដូចការរំពឹងទុក ដោយមានការចូលរួមយ៉ាងសកម្មប្រកបដោយស្មារតីចែករំលែក និងយកចិត្តទុកដាក់ខ្ពស់ពីសំណាក់តំណាងក្រសួង-ស្ថាប័នពាក់ព័ន្ធ។ តាមរយៈបទបង្ហាញរបស់ក្រុមការងារអគ្គ-លេខាធិការដ្ឋាន គ.ស.ធ.ឌ. និង ការធ្វើតេស្តសាកល្បងបញ្ចូលទិន្នន័យដោយផ្ទាល់របស់តំណាងក្រសួង-   ស្ថាប័នពាក់ព័ន្ធ នឹងរួមចំណែកជាមូលដ្ឋានដ៏សំខាន់ សម្រាប់ជំរុញប្រសិទ្ធភាពការងារតាមដាន និងវាយតម្លៃនៃសេដ្ឋកិច្ច និងធុរកិច្ចឌីជីថលកម្ពុជា ក៏ដូចជារួមចំណែកយ៉ាងសំខាន់ក្នុងការអភិវឌ្ឍវិស័យសេដ្ឋកិច្ច និង ធុរកិច្ចឌីជីថលនៅកម្ពុជាផងដែរ។