សិក្ខាសាលាស្ដីពី “តួនាទីនៃវិស័យធនាគារ និងបច្ចេកវិទ្យាហិរញ្ញវត្ថុក្នុងសេដ្ឋកិច្ចឌីជីថលកម្ពុជា”
ភ្នំពេញ៖ នារសៀលថ្ងៃទី ២២ ខែ កញ្ញា ឆ្នាំ ២០២២, គណៈកម្មាធិការសេដ្ឋកិច្ចនិងធុរកិច្ចឌីជីថល និងធនាគារជាតិនៃកម្ពុជា បានសហការរៀបចំសិក្ខាសាលាស្តីពី “តួនាទីនៃវិស័យធនាគារ និងបច្ចេកវិទ្យាហិរញ្ញវត្ថុក្នុងសេដ្ឋ-កិច្ចឌីជីថលកម្ពុជា” នៅសណ្ឋាគារ ហៃយ៉ាត់ រីជិនស៊ី ភ្នំពេញ។ សិក្ខាសាលានេះមានការចូលរួមពីថ្នាក់ដឹកនាំក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ, គណៈកម្មាធិការសេដ្ឋកិច្ចនិងធុរកិច្ចឌីជីថល, ធនាគារជាតិនៃកម្ពុជា, សមាជិកក្រុមការងាររៀបចំសេចក្តីព្រាងគោលនយោបាយអភិវឌ្ឍវិស័យបច្ចេកវិទ្យាហិរញ្ញវត្ថុកម្ពុជា, សមាគម, គ្រឹះស្ថានធនាគារ, គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ និងគ្រឹះស្ថានហិរញ្ញវត្ថុពាក់ព័ន្ធ សរុបចំនួន ៩០ រូប ដែលបានចូលរួមផ្ទាល់ និង ១១០ រូប ចូលរួមតាមប្រព័ន្ធអនឡាញ ។ សិក្ខាសាលានេះរៀបចំឡើងក្នុងគោលបំណង (១) ផ្សព្វផ្សាយគោល-នយោបាយ និងក្របខណ្ឌបទប្បញ្ញត្តិកម្ពុជាទាក់ទងនឹងឌីជីថលូបនីយកម្មក្នុងវិស័យធនាគារ, (២) កំណត់និន្នាការបច្ចុប្បន្ន បញ្ហាប្រឈម និងកាលានុវត្តភាពនៃឌីជីថលូបនីយកម្មក្នុងវិស័យធនាគារនៅកម្ពុជា, និង (៣) បន្តប្រមូលធាតុចូលល្អៗបន្ថែម និងជាក់លាក់លើវិស័យហិរញ្ញវត្ថុធនាគារ ដើម្បីរៀបចំសេចក្តីព្រាងគោលនយោ-បាយអភិវឌ្ឍវិស័យបច្ចេកវិទ្យាហិរញ្ញវត្ថុកម្ពុជា។
សិក្ខាសាលានេះបានប្រព្រឹត្តទៅយ៉ាងរលូន និងបញ្ចប់ដោយភាពជោគជ័យ ដោយទទួលបាននូវលទ្ធផលគាប់ប្រសើរដូចការរំពឹងទុក។ តាមរយៈការពិភាក្សា, ការចែករំលែកទស្សនាទាន, គំនិតនវានុវត្តន៍ និងបទពិសោធជាក់ស្តែងពីសំណាក់ភាគីពាក់ព័ន្ធសំខាន់ៗទាំងអស់, គណៈកម្មាធិការសេដ្ឋកិច្ចនិងធុរកិច្ចឌីជីថល ប្រមូលបាននូវធាតុចូលល្អៗជាច្រើន សម្រាប់ធ្វើជាមូលដ្ឋានក្នុងការតាក់តែងសេចក្ដីព្រាងគោលនយោបាយអភិវឌ្ឍវិស័យបច្ចេកវិទ្យាហិរញ្ញវត្ថុកម្ពុជា ប្រកបដោយប្រសិទ្ធភាព និងគ្រប់ជ្រុងជ្រោយ។