សិក្ខាសាលាផ្សព្វផ្សាយស្ដីពី “ការលើកកម្ពស់ចំណេះដឹង ជំនាញ និងការចាប់យកឌីជីថលសម្រាប់ប្រជាជនកម្ពុជា”

image
image

សិក្ខាសាលាផ្សព្វផ្សាយស្ដីពី “ការលើកកម្ពស់ចំណេះដឹង ជំនាញ និងការចាប់យកឌីជីថលសម្រាប់ប្រជាជនកម្ពុជា”

រាជធានីភ្នំពេញ៖ នាថ្ងៃទី ២៨ ខែ មីនា ឆ្នាំ ២០២៤ វេលាម៉ោង ២:០០ នាទីរសៀល ដល់ម៉ោង ៥:០០ នាទីរសៀលនៅអគារមជ្ឈមណ្ឌលអភិវឌ្ឍធុរកិច្ច, គណៈកម្មាធិការសេដ្ឋកិច្ចនិងធុរកិច្ចឌីជីថល (គ.ស.ធ.ឌ.) បានរៀបចំ សិក្ខាសាលាផ្សព្វផ្សាយស្ដីពី “ការលើកកម្ពស់ចំណេះដឹង ជំនាញ និងការចាប់យកឌីជីថលសម្រាប់ប្រជាជនកម្ពុជា” ដែលប្រព្រឹត្តទៅក្រោមការចូលរួមរបស់ លោក ហាំង សុខសេរី ប្រធាននាយកដ្ឋានគម្រោង នវានុវត្តន៍ និងកម្មវិធីអភិវឌ្ឍន៍ នៃអគ្គលេខាធិការដ្ឋានគណៈកម្មាធិការសេដ្ឋកិច្ចនិងធុរកិច្ចឌីជីថល និងជាតំណាងដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តមបណ្ឌិត គង់ ម៉ារី រដ្ឋលេខាធិការនៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងជាអគ្គលេខាធិការនៃអគ្គលេខាធិការដ្ឋានគណៈកម្មាធិការសេដ្ឋកិច្ចនិងធុរកិច្ចឌីជីថល។ សិក្ខាសាលាផ្សព្វផ្សាយនេះមានការអញ្ជើញចូលរួមពីសំណាក់ថ្នាក់ដឹកនាំ តំណាងសមាគម សហគ្រាស សកលវិទ្យាល័យ ក្រុមហ៊ុន និងភ្ញៀវកិត្តិយសសរុបចំនួន ១០០ រូប។

សិក្ខាសាលាផ្សព្វផ្សាយនេះត្រូវបានរៀបចំឡើងក្នុងគោលបំណងសំខាន់ៗ ចំនួន ៣ គឺ៖ (១). ជំរុញការផ្សព្វផ្សាយចំណេះដឹងអំពីបច្ចេកវិទ្យាឌីជីថល ជំនាញ និងសារៈសំខាន់នៃការចាប់យកឌីជីថលនៅក្នុងយុគសម័យសេដ្ឋកិច្ចឌីជីថល (២). ចែករំលែកទស្សនទានគំនិតនវានុវត្តន៍ និងបទពិសោធន៍ជាក់ស្ដែងពីអ្នកជំនាញ និងសហគ្រិន និង (៣). កសាងបណ្ដាញទំនាក់ទំនងជាមួយសហគមន៍ធុរកិច្ចឌីជីថលនៅកម្ពុជា។

កិច្ចដំណើរការនៃសិក្ខាសាលានេះបានគូសរំលេចអំពីការផ្សព្វផ្សាយចំណេះដឹងឌីជីថលសំខាន់ៗ និងសារៈសំខាន់នៃការអភិវឌ្ឍជំនាញឌីជីថលសម្រាប់ប្រជាជន យុវជន និងសហគ្រិនកម្ពុជា ដើម្បីបញ្រ្ចាបការយល់ដឹង និងជំរុញការពង្រឹងសមត្ថភាពក្នុងការប្រើប្រាស់បច្ចេកវិទ្យាឌីជីថលសម្រាប់ទាញយកគុណប្រយោជន៍អតិបរិមាក្នុងការអនុវត្តប្រតិបត្តិការអាជីវកម្ម និងបង្កើនផលិតភាពការងារឱ្យកាន់តែមានប្រសិទ្ធភាព និងចូលរួមចំណែកក្នុងការអភិវឌ្ឍវិស័យសេដ្ឋកិច្ច និងធុរកិច្ចឌីជីថលនៅកម្ពុជា។

ជាលទ្ធផល សិក្ខាសាលាផ្សព្វផ្សាយនេះបានប្រព្រឹត្តទៅដោយរលូន និងទទួលបានលទ្ធផលគាប់ប្រសើរដូចការរំពឹងទុកថែមទាំងទទួលបានធាតុចូលល្អៗជាច្រើន តាមរយៈការចែករំលែកទស្សនទាន, គំនិតនវានុវត្តន៍ និងបទពិសោធន៍ជាក់ស្តែងពីសំណាក់វាគ្មិនកិត្តិយស និងអ្នកចូលរួមទាំងអស់។