សិក្ខាសាលាពិគ្រោះយោបល់ថ្នាក់ជាតិស្តីពី "គោលនយោបាយ និងទិសដៅនៃបច្ចេកវិទ្យាហិរញ្ញវត្ថុរបស់កម្ពុជា"
រាជធានីភ្នំពេញ៖ កាលពីថ្ងៃទី ២៦ និង ២៧ ខែ មេសា ឆ្នាំ ២០២២ គណៈកម្មាធិការសេដ្ឋកិច្ច និង ធុរកិច្ចឌីថល បានរៀបចំសិក្ខាសាលាពិគ្រោះយោបល់ថ្នាក់ជាតិស្ដីពី “គោលនយោបាយ និង ទិសដៅនៃវិស័យបច្ចេកវិទ្យាហិរញ្ញវត្ថុកម្ពុជា” ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ និងជាប្រធានគណៈកម្មាធិការសេដ្ឋកិច្ច និង ធុរកិច្ចឌីជីថល ហើយក៏មានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំក្រសួង, តំណាងក្រសួង-ស្ថាប័ន, ស្ថានទូត, ដៃគូអភិវឌ្ឍន៍, គ្រឹះស្ថានហិរញ្ញវត្ថុធនាគារ, និងមិនមែនធនាគារ, សមាគម, ក្រុមហ៊ុនបច្ចេកវិទ្យាហិរញ្ញវត្ថុ, ធុរជន និង នវានុវត្តជន។
សិក្ខាសាលានេះគឺ ផ្តោតទៅលើគោលបំណង ៣ សំខាន់ៗ ១) ប្រមូលធាតុចូលពីដៃគូពាក់ព័ន្ធ សម្រាប់ការរៀបចំសេចក្តីព្រាងគោលនយោបាយអភិវឌ្ឍវិស័យបច្ចេកវិទ្យាហិរញ្ញវត្ថុ, ២) លើកកម្ពស់ការយល់ដឹងអំពីការវិវត្តវិស័យច្ចេកវិទ្យាហិរញ្ញវត្ថុនាពេលបច្ចុប្បន្ន និងបញ្ហាប្រឈម, ៣) ចែករំលែកគំនិត និងទស្សនវិស័យរបស់អ្នកជំនាញ ដែលមានគោលដៅក្នុងការជំរុញការអភិវឌ្ឍវិស័យបច្ចេកវិទ្យាហិរញ្ញវត្ថុនៅកម្ពុជា។
ជាលទ្ធផល សិក្ខាសាលានេះបានប្រព្រឹត្តទៅយ៉ាងរលូន និងទទួលបាននូវធាតុចូលល្អៗជាច្រើន តាមរយៈអន្តរសកម្ម និង ការពិភាក្សាគ្នាយ៉ាងផុសផុល រវាងវាគ្មិន និង អ្នកចូលរួម ដែលជាអ្នកជំនាញ និងមានបទពិសោធន៍ក្នុងវិស័យបច្ចេកវិទ្យាហិរញ្ញវត្ថុ ក៏ដូចជាបានយល់ដឹងកាន់តែស៊ីជម្រៅពីឧត្តមានុវត្តន៍ ក្របខណ្ឌបទប្បញ្ញត្តិ បញ្ហាប្រឈម និង ការវិវត្តចុងក្រោយនៃវិស័យបច្ចេកវិទ្យាហិរញ្ញវត្ថុក្នុងប្រទេសកម្ពុជា ក៏ដូចជានៅបណ្ដាប្រទេសដែលជាសមាជិកអាស៊ាន រួមមានប្រទេសសិង្ហបុរី, ថៃ, ឥណ្ឌូនេស៊ី និង ហ្វីលីពីន ផងដែរ។